គ.ជ.ប រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្រង់ស្ថិតិប្រជា​ពល​រដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ជូនដល់ប្រធាន អនុប្រធានលេខាធិការ ដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស និង មន្រ្តី គ.ជ.ប សរុបចំនួន៨៥នាក់ នៅទីស្ដីការ គ.ជ.ប។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ ដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាពល្អដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ដូច្នេះដើម្បីសម្រេចបានការងារនេះ គ.ជ.ប ត្រូវអនុវត្តការ ស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតាមភូមិ ឃុំ សង្កាត់ មុនដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

លោក ម៉ុក ដារ៉ា បានបន្ថែមទៀតថា ដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋ មានគោលបំណងស្រង់ចំនួន ប្រជាពលរដ្ឋរួមដែលមានសិទ្ធិបោះឆ្នោត ចំនួនអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកទើប គ្រប់អាយុចុះឈ្មោះបោះឆ្នោត ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ព្រម ទាំងកំណត់ និងប៉ាន់ស្មានចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ ចំនួនអ្នកដែល អាចមកសុំចុះឈ្មោះបោះឆ្នោតតាមឆ្នាំនីមួយៗ ក្នុងអំឡុងពេល នៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផល ល្អតាមការរំពឹងទុក។

វគ្គបណ្ដុះបណ្ដាលនេះដែរ ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប នៅថ្ងៃដដែល វេលាម៉ោង១១៖៤៥នាទីព្រឹក។

ឯកឧត្តម សោម សូរីដា បានលើកឡើងថា ដើម្បីផ្តល់ការគាំទ្រដល់ គ.ជ.ប ក្នុងការងាររៀបចំបញ្ជី បោះឆ្នោតដែលធានាបាននូវភាពត្រឹមត្រូវ ភាពពេញលេញ និងមានបច្ចុប្បន្នភាព អាជ្ញាធរ និងអង្គ ភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននេះជាប្រចាំរៀងរាល់ឆ្នាំ ផ្អែក តាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និងគ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ទន្ទឹមនឹងនេះ ឯកឧត្តម សោម សូរីដា បានណែនាំដល់ប្រធាន និងផ្នែកជំនាញនៃ លធ.ខប ទាំងអស់ ដូចខាងក្រោម៖

*ទី១៖ យកចិត្តទុកដាក់អនុវត្តឱ្យត្រឹមត្រូវតាមសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការស្រង់ស្ថិតិប្រជា ពលដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងសេចក្តីណែនាំរួមលេខ ០១៩ ស.ណ.ន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរៀបចំ ត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប។

*ទី២៖ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរាជធានី ខេត្តរបស់ខ្លួន អំពីការ ងារស្រង់ស្ថិតិ ពិសេសប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីឱ្យពួកគាត់ចូលរួមសហការ តាម តួនាទីជាមួយអាជ្ញាធរឃុំ សង្កាត់។

*ទី៣៖ អនុវត្តតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់ ដែលនាយកដ្ឋាន ប្រតិបត្តិ ការ នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានកំណត់ និងបានបែងចែកជូនតាមរាជធានី ខេត្ត។

*ទី៤៖ យកចិត្តទុកដាក់ណែនាំរំលឹកដល់អាជ្ញាធរឃុំ សង្កាត់ ឱ្យពិនិត្យស្ថានភាពទីតាំង ការិយាល័យ បោះឆ្នោតនីមួយៗឡើងវិញ ផ្អែកតាមទីតាំងជាក់ស្តែង និងបទពិសោធន៍ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសការិយាល័យដែលនៅជាប់ ច្រាំងទន្លេ ដែលមានហានិភ័យខ្ពស់ក្នុងការបាក់ស្រុត ឬដែលស្ថិតនៅក្នុងអគារចាស់ទ្រុឌទ្រោម ឬការិយាល័យដែលសង់រោងជាដើម ដើម្បីស្នើសុំផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ទៅកាន់ទី តាំងថ្មីដែលមានសុវត្ថិភាពជាង ឱ្យបានមុនការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។

*ទី៥៖ ពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់របស់ខ្លួន ដែលរួមមាន ចំនួន ប្រជាពលរដ្ឋរួម ចំនួនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលមិនទាន់ចុះឈ្មោះបោះឆ្នោតទាំងអស់ក្នុងរាជធានី ខេត្តខ្លួនចំនួនប៉ាន់ស្មានប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចំនួន និងទីតាំងការិយាល័យបោះឆ្នោតជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់ លាស់ ដើម្បីបញ្ជូនមក គ.ជ.ប តាមពេលវេលាកំណត់៕