ព្រឹទ្ធសភា បានគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៧ សម្រាប់ធានាការទូទាត់របស់រដ្ឋាភិបាល

ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ នេះ បានបន្តប្រជុំពិនិត្យពិភាក្សា និងគាំទ្រ ទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន ៧ ពាក់ព័ន្ធ ការធានាទូទាត់របស់រាជរដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនឯកជនចំនួន ៦ និងការទាក់ទងនឹង ការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាល យកច្បាប់នេះ ទៅបម្រើផលប្រយោជន៍របស់ ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ម៉ង ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា ព្រឹទ្ធ សភា បានពិនិត្យ និងឱ្យយោបល់ដោយឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល បន្ទាប់ពីច្បាប់ទាំង អស់នេះ គឺមានលក្ខណត្រឹមត្រូវតាមទម្រង់និងគតិយុត្ដិច្បាប់ ។

ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំពេញអង្គដឹកនាំដោយ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែមករា នេះ លោក បានបញ្ជាក់ថា ការ អនុម័តច្បាប់ទាំងអស់នេះ ដើម្បីឆ្លើយតបនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងមាន ការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ដើម្បីប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន ប្រសាស ន៍ ថា សេចក្តីព្រាងច្បាប់ការទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីនេះ បាន តាក់តែងឡើងក្នុងគោលបំណង ដើម្បីធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ ទី មធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ប្រកបដោយចីរភាព តាមរយៈការអនុវត្ត បទប្បញ្ញត្តិ ពាក់ព័ន្ធនៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ ថា សេចក្តីព្រាងច្បាប់ការធានាទូទាត់របស់រាជរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជនចំនួន ៦ នេះ នឹងផ្តល់ឲ្យកម្ពុជាទទួលបាននូវអត្ថប្រយោជន៍យ៉ាងធំធេង ដែលអាចរួមចំណែក ក្នុង ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការធានាដល់ការផ្គត់ផ្គង់ អគ្គិសនីប្រើប្រាស់ឱ្យ បានគ្រប់គ្រាន់ ទាំងនៅទីប្រជុំជន និងជនបទ ប្រកបដោយនិរន្តរភាព ស្ថិរភាព ប្រសិទ្ធ ភាព និងមានតម្លៃសមរម្យ៕