មន្ត្រីយោធាដែលស្លាប់មួយគ្រួសារ៣នាក់នៅឧត្តរមានជ័យបានទទួលអំណោយ

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ី បញ្ញា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ បានដឹកនាំនាយទាហាន និងពលទាហាន តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ទៅចុះសួរសុខទុក និងនាំយកអំណោយទៅចូលរួមរំលែកទុកដល់គ្រួសារយោធិនព្រិន្ទបាលឯក ជុន ចាន់តារា ជាជំនួយការការិយាល័យទី២ នៃកងពលតូចថ្មើរជើងលេខ៤១ ដែលស្លាប់មួយគ្រួសារ ដោយជួបឧបទ្ទវហេតុគ្រោះចរាចរណ៍។

លោកវរសេនីយ៍ឯក ម៉ី បញ្ញា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ បានមានប្រសាសន៍ចូលរួមសោកស្តាយ ដល់បងប្អូនសាច់ញាតិ ចំពោះការបាត់បង់ នូវមិត្តរួមអាវុធមូយរូប ដែលធ្លាប់រស់នៅជាមួយគ្នាឆ្លងកាត់គ្រប់កាលៈទេសៈ ក្នុងជីវភាពកងទ័ព។ ហើយចំពោះការបាត់បង់ជីវិត របស់ព្រិន្ទបាលឯក ជុន ចាន់តារា គឺត្រូវបានខានបង់យោធិនម្នាក់ទៀត នៅក្នុងអង្គភាពកងទ័ព ដែលហាក់បីដូចជា បាត់បង់សមាជិកគ្រួសារម្នាក់ដែរ។

ក្នុងឱកាសនោះអំណោយដែលបាននាំយកទៅប្រគល់ដល់គ្រួសារសពយោធិន រួមមានដូចជា៖ អង្ករ ៤ការុង ទឹកត្រី ២យួរ និងថវិការចំនួន ៥លានរៀល។ លោកវរសេនីយ៍ឯកបញ្ជាក់ថា អំណោយទាំងនេះ ដែលស្តែងពីទឹកចិត្ត នៃការរ៉ៃអង្គាស របស់នាយទាហាន និងពលទាហាន នៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ដែលសំរាប់ចាត់ចែងប្រើប្រាស់ធ្វើបុណ្យទៅតាមប្រពៃណី។

គួរបញ្ជាក់ថា លោកព្រិន្ទបាលឯក ជុន ចាន់តារា អាយុ ៣៥ឆ្នាំ ជាជំនួយការការិយាល័យទី២ នៃកងពលតូចថ្មើរជើងលេខ៤១ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ជាមួយប្រពន្ធឈ្មោះ ធី ឡានី អាយុ ៣៣ឆ្នាំ ព្រមទាំងកូនប្រុសម្នាក់ទៀតឈ្មោះ ជឿន យូឡេង អាយុ ៥ឆ្នាំ បានធ្វើដំណើរចាកចេញពីផ្ទះ នៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដោយគោលបំណងជិះម៉ូតូទៅលេងសាច់ញាតិ ហើយក៏បុកជាមួយគោយន្តបណ្តាលស្លាប់ទាំងបីនាក់តែម្តង កាលពីល្ងាចវេលាម៉ោង ៦ និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕