ខេត្តកំពង់ឆ្នាំង ៖ គួរឲ្យអាណោចអាធ័មបំផុត ដែលស្ត្រីជាម្ដាយរួមទាំងកូនទើបនឹងសម្រាលស្លាប់ទាំងពីរនាក់ ខណៈឮ ស្ត្រីរងគ្រោះ ទៅ សម្រាលកូននៅគ្លីនិកឯកជនមួយកន្លែងឈ្មោះ យឹមផល្លា មានទីតាំងនៅក្នុងភូមិ ត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោងជាង ១១ យប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ ។
លោក សេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ ប្អេរ ក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ប្រពន្ឋគាត់ ធ្លាប់មានកូនលើកទីមួយ ដែលមកដល់ ពេលនេះ មានអាយុ 4 ឆ្នាំហើយ ការមកសម្រាលកូន បណ្ដាលឲ្យស្លាប់ទាំងម្ដាយ និងកូន នៅពេលនេះ គឺជាការសម្រាលកូនលើកទី 2 ។
បុរសជាប្តីបន្តថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់មានធ្លាក់ឈាម ដោយសារគាត់គ្រប់ ខែត្រូវឆ្លងទន្លេផងនោះ គាត់ក៍បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅបន្ទប់ថែទាំជំងឺឯកជន យឹម ផល្លា ហើយអ្នកគ្រូពេទ្យនៅទីនោះ បានបញ្ជាក់ប្រាប់ថា ប្រពន្ធគាត់ មិនអីទេ អាច សម្រាលនៅកន្លែងនេះបាន ដោយត្រូវបង់ថ្លៃសេវា អស់តែមួយលានរៀលប៉ុណ្ណោះ។ ឮដូច្នេះដោយមានទំនុកចិត្តលើអ្នកគ្រូពេទ្យ យឹមផល្លា ក្រុមគ្រួសារស្ត្រីរងគ្រោះ ក៏សម្រេច ចិត្តឲ្យស្ត្រីជាប្រពន្ធឆ្លងទន្លេនៅទីនោះតែម្ដងទៅ ដោយយល់ថា អ្នកគ្រូពេទ្យ យឹមផល្លា គឺជាគ្រូពេទ្យ ធ្វើការប្រចាំនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ក្រោយពេលសំរាល រួច កូននោះ បានស្លាប់បាត់ទៅហើយ ចំណែកឯស្ត្រីជាម្តាយ មាន អាការៈខ្សោយទៅៗ ឃើញសភាព ដូច្នេះក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យ បញ្ជូន ប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ព្រោះប្រពន្ធគាត់មិនស្រួលទេ ខ្សោយខ្លាំង ណាស់ ពេលនោះអ្នកគ្រូពេទ្យក៍សំរេចបញ្ជូន ប្រពន្ធគាត់ទៅកាន់មន្ទីរពេទ្យ តែរឿងដែល នឹកស្មានមិនដល់ពេល ទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលអស់ទៅ ហើយ ។
ក្រុមគ្រូពេទ្យដែលប្រចាំការនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ក៏បានរៀបចំបញ្ជូន សព ម្ដាយ និងកូនតាមរថយន្ដសាម៉ុយ ត្រឡប់មកផ្ទះវិញ ។ បុរសជាប្ដីបានបញ្ជាក់ដោយកក្តីសោកសៅថា គាត់មានការហួសចិត្ត ប្រសិនបើគ្រូពេទ្យ ឯកជនគ្មានលទ្ធភាព ម្ដេចមិនបញ្ជូនប្រពន្ធគាត់ទៅសម្រាល នៅមន្ទីរពេទ្យខេត្ត តាំងពី ពេលដំបូង បញ្ហានេះលោកមិនសុខចិត្តឡើយ លោកនឹងរៀបចំដាក់ពាក្យប្ដឹងទៅកាន់ តុលាការតាមផ្លូវច្បាប់ នៅពេលបន្ទាប់ពីធ្វើបុណ្យសពប្រពន្ធ និងកូនគាត់រួច ។
ជុំវិញបញ្ហានេះដែរ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត មិនអាចទាក់ទងសុំ ការ បំភ្លឺបានទេ ព្រោះពេលទូរស័ព្ទចូល លោកគ្រាន់តែប្រាប់ថា លោកជាប់រវល់ខ្លាំងណាស់ ហើយក៏បិទទូរស័ព្ទទៅវិញ ។ដោយឡែកលោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកជំងឺឆ្លងទន្លេ ពេលមកដល់មន្ទីរពេទ្យ គឺខ្សោយណាស់ ទៅហើយ ក្រុមគ្រូពេទ្យ បានប្រឹងប្រែងជួយសង្គ្រោះណាស់ដែរ ក៏ប៉ុន្តែវាហួសពេល ទៅ ហើយ និងបានជួយរៀបចំបញ្ជូនសាកសពជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ដើម្បីឲ្យក្រុម គ្រួសារធ្វើពិធីបុណ្យតាមប្រពៃណី៕