គ.ជ.ប ជូនដំណឹងអំពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្ស នយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបោះឆ្នោតឆ្នាំ២០២២។

តាមរយៈសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ គ.ជ.ប បានជូន ដំណឹងដល់សមាគម អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណបក្សនយោបាយទាំងអស់ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្ស នយោបាយ ដូចខាងក្រោម៖

ទី១៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ

*កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

* សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យ សុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេត-ការណ៍ របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី (ការិយាល័យកិច្ចការគណ បក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។

* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh (http://www.nec.gov.kh/)។

* អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួល ប័ណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត(លធ.ខប) រួចហើយមានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងរាជធានី-ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ នៃរាជធានី-ខេត្តនោះ។

ទី២៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ

* កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើម ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

* អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំ ចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវនិងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើកាrព្រឹកចាប់ពីម៉ោង ៧:០០ នាទីដល់ម៉ោង ១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង១៧:៣០នាទី (ការិយាល័យកិច្ចការគណបក្ស នយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។

* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh (http://www.nec.gov.kh/)។

* អ្នកសង្កេតការណ៍អន្តរជាតិដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការហើយទទួលប័ណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា។

គ.ជ.ប បានបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

* ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងនៃ គណបក្សនយោបាយដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

*កាលបរិច្ឆេទនៃការដាក់និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយចាប់ផ្តើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

* គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិ ចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្សដើម្បីសង្កេត មើលការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះ បោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។

* គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការ ដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន។

* គណបក្សនយោបាយអាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh (http://www.nec.gov.kh/)។

គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គណបក្សនយោ បាយ កបឃ.ស និង លធ.ខប នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕