អ៊ុយក្រែន និងរុស្ស៉ី អះអាងផ្សេងគ្នា ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលអាមេរិក HIMARS


 (កៀវ)៖  យោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ បានអោយដឹងថា អ៊ុយក្រែន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអះអាងថាខ្លួនបានប្រើ ប្រាស់ប្រព័ន្ធមីស៉ីល HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញ ឃ្លាំងរំសេវរបស់ រុស្ស៊ីចំនួន៥០ទីតាំង ចាប់តាំងពីទទួលបានអាវុធប្រភេទនេះកាលពីខែមុនមក ខណៈរុស្ស៊ីក៏អះអាង ដែរថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញ ប្រព័ន្ធអាវុធមួយនេះ នៅក្នុងតំបន់ក្មែលនីស្គី (Khmelnytskyi) របស់អ៊ុយក្រែន។

ទីក្រុងមូស្គូ ធ្លាប់បានអះអាងថាខ្លួនបានបំផ្លាញប្រព័ន្ធបាញ់មីស៉ីល HIMARS ជាច្រើនគ្រឿង ដែល ផ្គត់ផ្គង់លោកខាងលិចបញ្ជូនទៅឱ្យអ៊ុយក្រែន ខណៈ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន បានបដិ សេធការលើកឡើងនេះ។ ប៉ុន្តែ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេស៊ី រ៉េសនីកូវ (Oleksiy Reznikov) បានគូសបញ្ជាក់ពីឥទ្ធិពលប្រព័ន្ធមីស៊ីល HIMARS សម្រាប់ឆ្លើយ តបចំពោះការវាយលុករបស់រុស្ស៊ី។ លោកបានអត្ថាធិប្បាយ យ៉ាងដូច្នេះថា «អាវុធប្រភេទនេះបាន ជួយរារាំងការវាយប្រហាររបស់រុស្ស៉ី និងបន្ថយសមត្ថភាពពួកគេក្នុងការប្រយុទ្ធយ៉ាងសកម្ម ដែល គ្របដណ្តប់មកលើ កងកម្លាំងប្រដាប់អាវុធរបស់យើង ជាមួយនឹងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ»៕