អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យពន្លឿនការសាងសង់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេកឡើង វិញក្រោយបាក់រលំ ដើម្បីឲ្យពលរដ្ឋមានផ្លូវធ្វើដំណើរ


 (ភ្នំពេញ)៖ ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ត្រូវបានបាក់រលំ ហើយត្រូវបាន ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរជួយពន្លឿនការស្ថាបនាឡើងវិញឲ្យឆាប់នោះ ពេលនេះត្រូវបានអភិបាល រាជធានីភ្នំពេញ ជំរុញឲ្យស្ថាបនាឡើងវិញ នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះហើយ ដើម្បី ឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ខណៈពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាព នៃការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាឲ្យបានម៉ត់ចត់ ហើយក្រុមការងារត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃ២៧ ខែកក្ក ដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានឲ្យដឹងថា ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកនេះ បានបាក់ចំនួន៣ដង ជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ ខែមកហើយ ហើយក៏ត្រូវបានលោកអភិបាល ចាត់កម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នា ទប់បណ្តោះអាសន្ន ដើម្បីកុំឲ្យបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។

ចំពោះមូលហេតុ នៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន បានអះអាងថា គឺបណ្តាលមកពីដី ជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើឲ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។ ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺអាចដំណើរការ លើការងារនេះ បាន ដោយត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ, កាយយកដីស្អុយចេញ, ចាក់ខ្សាច់ក្រាលពី ក្រោម និងចាក់ដីពីលើបំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។

នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួប ឯកឧត្តម ឃួង ស្រេង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង ដែលតែង តែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេដែលបាក់ នេះឡើងវិញ៕