បុរសបង់សំណាញ់ដែលត្រូវទឹកកួចនៅទំនប់បារាំង ក្នុងសង្កាត់ផ្សារឆ្នាំង បានប្រទះឃើញ សពអណ្តែតជិត ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ


 (កំពង់ឆ្នាំង)៖ បុរសបង់សំណាញ់ម្នាក់ ដែលបានរអិលជើងធ្លាក់ទឹក និងត្រូវទឹកកួចបាត់នៅទំនប់ បារាំង ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ត្រូវបានប្រទះសពអណ្តែត នៅចំណុចភូមិចុងកោះ ដែលមានចម្ងាយជិត២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដានេះ។

សូមជម្រាបថា បន្ទាប់ពីទទួលព័ត៌មានជុំវិញបុរសម្នាក់បានរអិលធ្លាក់ទឹក និងត្រូវទឹកកួចយកទៅបាត់ ក្រុមការងារចម្រុះដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានជួលប្រជា ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ដែលមានជំនាញខាងមុជទឹក ចុះមុជរាវរកសពជនរងគ្រោះ ដែលបានរអិលជើងធ្លាក់ទឹកហូរកួចខ្លាំង ចំណុចទំនប់បារាំងយ៉ាងសស្រាកសស្រាំផងដែរ។

សពបុរសរងគ្រោះមាន ឈ្មោះ អួន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុក រលាប្អៀរ មុនពេលមកបង់សំណាញ់ រូបគេបានហូបស្រារួចក៏មកបង់សំណាញ់នៅខ្នងទំនប់បារាំង វេលាម៉ោងជាង៨៖០០នាទីយប់ ដែលខ្លួនមិនដែលមកទីនេះសោះ ចៃដន្យក៏ជួបគ្រោះថ្នាក់ដល់អាយុ ជីវិតតែម្ដង។ សពបុរសរងគ្រោះត្រូវបានក្រុមការងារចម្រុះ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន៕