(ប៉ារីស)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្រ្តីការបរទេសថ្មីរបស់ប្រទេសបារាំង លោកស្រី កាត់តេរីន កូឡុនណា (Catherine Colonna) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថានៅសល់ពេលតែប៉ុន្មាន សប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលដែលទ្វារនៃឱកាសការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ រអ៊ីរ៉ង់ឆ្នាំ២០១៥ រវាងប្រទេសអ៉ីរ៉ង់ ជាមួយមហាអំណាចពិភពលោកត្រូវបិទ។
ថ្លែងទៅកាន់សមាជិកសភា លោកស្រី កូឡុនណា បានគូសបញ្ជាក់ថា ស្ថានការណ៍គឺមិនស្ថិតស្ថេរទេ ហើយបានចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើយុទ្ធសាស្រ្តពន្យារពេល ស្របពេលដែលនៅតែបន្តកម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។
លោកស្រីបានព្រមានទៀតថា ប្រសិនបើអ៊ីរ៉ង់នៅតែដើរលើគន្លងបច្ចុប្បន្នរបស់ខ្លួន នោះអ៊ីរ៉ង់នឹង ក្លាយទៅជារដ្ឋនុយក្លេអ៊ែរ ហើយខណៈពេលវេលាចេះតែទៅមុខ ទីក្រុងតេហេរ៉ង់ ត្រូវតែដឹងថា ការ បោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យការចុះកិច្ចព្រមព្រៀងកាន់តែមាន ការលំបាក។ លោកស្រីបានបន្ថែមថា «ឱកាសដ៏សំខាន់នឹងត្រូវបិទបញ្ចប់នៅក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ហើយវាមិនមានអ្វីប្រសើរជាងការវិលមកកាន់តុចរចានោះទេ»៕