(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ បានដាក់ចេញនូវការណែនាំចំនួន៤ចំណុចសំខាន់ៗ សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះរបស់ កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ឱ្យទទួលបានជោគជ័យខ្ពស់។
ការណែនាំចំនួន៤ចំណុច ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើក កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ាន នោះរួមមាន៖
*ទី១៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវ យកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗ ឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អ ទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធី បិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។
ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡា ល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបាន ការឯកភាព ជួយពីរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសឥណ្ឌូនេស៊ី និងកីឡាយូដូ ពីអតីតឯកអគ្គរដ្ឋទូត ជប៉ុន។
ទី២៖ អំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធ នាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ «ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាង តិចប្រចាំជីវិត» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់ក្នុងសន្តិភាព» ឱ្យបានផុសផុលទាំងក្នុង និងក្រៅ ប្រទេស។
ទី៣៖ សូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេល ចូលឆ្នាំខ្មែរប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡា ការិនីជាតិ-អន្តរជាតិ។
ទី៤៖ សូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុង គ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាប្រមាណ១២០ ពាន់លានរៀល ស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៉ីហ្គេម (SEA Game) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ នៅឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមអ្វីដែលបានគ្រោងទុកនោះ សម្រាប់កីឡា ស៊ីហ្គេម នឹងបើកជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងសម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣៕