យោធាចិន​បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីលទៅចូលរួម​សមយុទ្ធ​ជាមួយប្រទេសធំ២

ប៉េកាំង ៖ ចិននឹង​បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីល Xining ទៅចូលរួម​សមយុទ្ធ​ជាមួយ​ប្រទេសរុស្ស៊ី និង​អ៊ីរ៉ង់ ដែលធ្វើឡើង​ចាប់ពីថ្ងៃទី២៧​ ដល់៣០ ខែធ្នូ នៅមហាសមុទ្រឥណ្ឌា និង​ឈូងសមុទ្រ​អូម៉ង់។ នេះបើតាមការប្រកាស​របស់​ក្រសួង​ការពារជាតិចិន ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មាន telegraph។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិចិន​ អះអាងថា ​សមយុទ្ធនេះនឹង​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រវាងកងទ័ព​ជើងទឹក​ប្រទេស​ទាំង៣។ អ្នកនាំរូបនេះសង្កត់ធ្ងន់ថា លំហាត់ហ្វឹកហ្វឺននេះ គឺ​ជាការផ្លាស់ប្តូរយោធាគ្នាធម្មតាតែប៉ុណ្ណោះ ដែលស្របតាម​ច្បាប់​អន្តរជាតិ។ «វាមិនចាំបាច់​ទាល់តែសោះ​ក្នុងការភ្ជាប់សមយុទ្ធនេះ ទៅនឹង​ស្ថានភាពក្នុងតំបន់»។

ដោយឡែកបើតាម​អ្នកនាំពាក្យ​កងទ័ពអ៊ីរ៉ង់ ឱ្យដឹង​ថា មហាសមុទ្រឥណ្ឌា និង​ឈូងសមុទ្រ​អូម៉ង់ គឺ​ជា​តំបន់​ដ៏សំខាន់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការរក្សា​សន្តិសុខ។ លោកបញ្ជាក់ថា «សមយុទ្ធនេះ នឹង​ធ្វើឡើង​ដើម្បី​គាំទ្រ និង​បង្កើន​បទពិសោធន៍ ក្នុង​សន្តិសុខ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុងតំបន់»៕

សូមជម្រាបថា ​សមយុទ្ធនេះធ្វើឡើង​ក្នុងខណៈដែល​មានភាព​តានតឹងរវាង​អាមេរិក និងអ៊ីរ៉ង់ ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ៕