ចាប់ពីពេលនេះទៅ សប្បុរសជនអាចចូលរួមវិភាគទានជួយមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈទ្រូម៉ាន់នី

ភ្នំពេញ ៖ ប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ម្សិលមិញ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីផ្តល់លទ្ធភាពឲ្យសប្បុរសជនអាចចូលរួមវិភាគទានជូនមូលនិធិគន្ធបុប្ផា ក្នុងការទ្រទ្រង់ សកម្មភាព និងប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារមួយនេះ។

ការចុះអនុស្សរណៈយោគយល់គ្នានេះ ស្តីពី «ការប្រើប្រាស់សេវាកម្មកៀគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផា» រវាងក្រុមហ៊ុនទ្រូម៉ាន់នី និងមូលនិធិគន្ធបុប្ផា ដែលរៀបចំនៅមជ្ឈមណ្ឌល ព៏ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កម្ពុជា។

ក្នុងឱកាសនោះ លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផា កម្ពុជា មានប្រសាសន៏ថា កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពសប្បុរសជន អាចចូលរួមបរិច្ចាក ទោះបីតិចក្តី ច្រើនក្តីជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការ ចូលរួមគាំទ្រដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវភាពញញឹមដល់ពួកគេ ដែលជាអនាគតរបស់ជាតិ។

លោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី ខេមបូឌា បានបញ្ជាក់ថា នេះជាកិច្ចសហការថ្មី ក្នុងការផ្តល់ជម្រើសបន្ថែមជូនសប្បុរសជន ដែលមានបំណងបរិច្ចាក ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឲ្យមានលក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាផ្ទេរប្រាក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេស ឫកម្មវិធីទ្រូម៉ាន់នីអេប។ លោកបន្ថែមថា តាមរយៈ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្តល់កម្មវិធីពិសេសជូនសប្បុរសជនទាំងអស់ ដែលបានដំឡើងកម្មវិធីTrue Money App រួចដាក់លុយទៅក្នុងគណនីនោះ នឹងធ្វើការបរិច្ចាកក្នុងចំនួនទោះតិចក្តី ច្រើនក្តី ជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្រុមហ៊ុននឹងរួមចំណែកបរិច្ចាកបន្ថែមចំនួន២០០០រៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជាភ្លាមៗដែរ។

លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា មន្ទីរពេទ្យត្រូវការការចូលរួមពីប្រជាពលរដ្ឋទូទៅ ដើម្បីបន្តនិរន្តភាពមន្ទីរពេទ្យ ដោយត្រូវចំណាយ៤០លានដុល្លារអាមេរិក្នុងមួយឆ្នាំ។ លោកវេជ្ជបណ្ឌិតអរគុណចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរួមចំណែកដ៏សំខាន់ជាមួយមូល និធិស្វីស សម្រាប់ទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យ។

ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាសរុបចំនួន១០លាន ៨សែន ៩ម៉ឺន ២៤០៤ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឲ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។

មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ថវិកាចំនួន១០,៨៩២,៤០៤ដុល្លារអាមេរិកនេះ គិតរួមទាំងថវិកាចំនួន ៨៣៦,១៣៨ដុល្លារអាមេរិក ត្រូវបាន ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីចុងខែវិច្ឆិកាកន្លងទៅ៕