ឯកឧត្តម អ៊ាង សុផល្លែត លើកឡើងថា ពលរដ្ឋជឿទុកចិត្ត លើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្ស ប្រជាជន សូមបេក្ខជនទើបជាប់ឆ្នោត ខិតខំបម្រើពួកគាត់ ឱ្យអស់ពីសមត្ថភាព


 (ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានជឿទុកចិត្ត មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដូច្នេះសូមបេក្ខ ជនដែលទើបជាប់ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវខិតខំបម្រើពួក គាត់ឱ្យអស់ពីសមត្ថភាព។

ការគូសបញ្ជាក់បែបនេះ របស់ ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា ស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា នៅថ្ងៃនេះគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាសនូវលទ្ធផលសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នៈលើសលប់ ហើយសម្រាប់មូលដ្ឋានស្រុកអូររាំងឪ ក៏ទទួលបានលទ្ធផលល្អប្រសើរជាងអាណត្តិមុនៗ គួរឱ្យ កត់សម្គាល់ ដែលទាំងនេះបានបង្ហាញឱ្យយឃើញថាប្រជាពលរដ្ឋ នៅតែបន្តជឿជាក់ ចំពោះថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគោលនយោបាយដឹកនាំច្បាស់លាស់ ក្នុងការនាំប្រទេសកម្ពុជា មានភាពរីកចម្រើន និងការអភិវឌ្ឍ។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ក៏បានណែនាំដល់បេក្ខជន ដែលទើបជាប់ឆ្នោតជាមេ ឃុំ និងក្រុមប្រឹក្សា ត្រូវចេះស្រលាញ់រាប់អានរួបរួមសាមគ្គីគ្នា ដោយកុំប្រកាន់និន្នាការនយោបាយ គណបក្ស ព្រោះយើងសុទ្ធតែជាខ្មែរតែមួយ ធ្វើយ៉ាងណារួមគ្នាបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យ អស់ពីចិត្តពីផ្លើម ឱ្យសាកសមដែលប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្តឱ្យយើង។ យកចិត្តទុកដាក់ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ពិសេសពង្រឹងបន្ថែមក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលនាំមក នូវផលប៉ះពាល់ ដល់ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវតែបង្ក្រាបឱ្យខានតែបាន។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំចុះមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងកន្លងមក ដែលជាការចូលរួមចំណែកឱ្យដំណើរការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា ស្រុកអូររាំងឪ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទន ហើយទាំងនេះ គឺជាការឈានឆ្ពោះទៅទទួលបានជ័យជម្នៈបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាងមុខ៕