(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ គម្រោងកិច្ចសហបប្រតិបត្តិការ «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ» រៀបចំឡើងខេត្តជាំងស៊ូ ប្រទេសចិន និងប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមការណែនាំរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា។
ការដាក់ឱ្យដំណើរការគម្រោងស្របពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ RCEP បានចូលជាធរមាននេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដោយប្រើប្រាស់សក្តានុពលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោង «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ» ដំណើរការនៅលើប្រព័ន្ធ JD.COM នេះ ត្រូវបានស្ថានតំណាងពាណិជ្ជកម្មកម្ពុជា អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានប្រគល់សិទ្ធិឱ្យក្រុមហ៊ុន Jiangsu Taihu (Cambodia) International Economic Cooperation Zone Investment Co., Ltd ដែលជាអ្នកវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសិទ្ធិចុះបញ្ជី និងដំណើការតែមួយគត់ត្រូវបានបើកសម្ពោធជាផ្លូវការ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការប្រទេសចិន បានផ្ញើសារលិខិតអបអរសាទរមកកាន់ក្រុមហ៊ុន។ ក្នុងសារលិខិតអបអរសាទរនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកពាណិជ្ជកម្មអេឡិកត្រូនិចជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា គម្រោង «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ» នឹងផ្តល់ឱកាសថ្មីសម្រាប់សហគ្រាសតូច និងមធ្យម ដើម្បីនាំចេញផលិតផលល្អៗ របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សង្ឃឹមថា តាមរយៈគម្រោង «ពាណិជ្ជកម្មអេឡិកត្រូនិច» នេះ ប្រទេសចិន និងប្រទេសកម្ពុជា អាចពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក៏ដូចជារួមគ្នាពុះពារឧបសគ្គក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយការស្តារសដ្ឋកិច្ចឡើងវិញ។
លោក Fei Gaoyun អភិបាលរងខេត្តជាំងស៊ូនៃប្រទេសចិន, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា, លោកស្រី ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន, លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកZhao Jianjun អភិបាលក្រុងវូស៊ី បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវិដេអូ ក្នុងពិធិបើកសម្ពោធនេះ និងផ្លាស់ប្តូរមតិយោបល់អំពីការអភិវឌ្ឍនៃគម្រោង «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ»។
លោក Fei Gaoyun អភិបាលរងខេត្តជាំងស៊ូប្រទេសចិនបានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ បានពួតដៃគ្នាប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនឹងការពុះពារឧបសគ្គនានាជាច្រើន។ ក្រៅពីនេះ ប្រទេសកម្ពុជា និងខេត្តជាំងស៊ូមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាគីទាំងពីរបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាបន្តបន្ទាប់។
លោកអភិបាលរងខេត្តជាំងស៊ូ បានគូសបញ្ជាក់ថា ខេត្តជាំងស៊ូ មានការប្តេជ្ញាចិត្តចូលរួមជំរុញការអនុវត្តគម្រោង «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ» នេះជាមួយកម្ពុជា ដោយចាប់យកឱកាសនៃព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូគ្រប់ជ្រុងជ្រោយ RCEP ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ម្យ៉ាងវិញទៀត ខេត្តជាំងស៊ូ នឹងមានការចូលរួមយ៉ាងសកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនៅវិស័យឌីជីថល ជាមួយការជំរុញការកសាងនយោបាយ «ខ្សែក្រវ៉ាត់ និងមួយ» ដែលប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាចូលរួមចំណែកក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុ បានបានលើកឡើងរថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នឹងត្រូវបានពង្រីកជាបន្តបន្ទាប់។ លើសពីនេះទៅទៀត ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពី កាន់តែមានភាពជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឯកអគ្គរដ្ឋទូតបន្តថា ក្រោមការដឹកនាំនៃថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលបានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងកម្លាំងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ ប្រទេសចិនមានទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិចធំ ព្រមទាំងផ្តល់នូវសេវាកម្មមានគុណភាពខ្ពស់។ លើសពីនេះទៅទៀត ការធ្វើពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេឡិកត្រូនិច បានក្លាយទៅជាទិសដៅដ៏សំខាន់មួយនៃការផ្លាស់ប្តូររចនាសម្ព័ន្ធពាណិជ្ជកម្មបរទេស។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិកត្រូនិចផងដែរ។
លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសរំលេចថា ប្រទេសចិន និងកម្ពុជា ត្រូវតែឆក់យកឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូគ្រប់ជ្រុងជ្រោយ RCEP ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងពង្រីកទ្រង់ទ្រាយនៃពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេឡិកត្រូនិច ដើម្បីនាំយកផលិតផលល្អៗទៅកាន់ទីផ្សារនៃប្រទេសទាំងពីរ។
លោកស្រី ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនបានថ្លែងថា ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ មានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ និងមិត្តភាពយ៉ាងជ្រាលជ្រៅ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Taihu (Cambodia) International Economic Cooperation Zone Investment Co., Ltd បានក្លាយជាស្ពានមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជាំងស៊ូ និងជាគំរូនៃភាពជោគជ័យក្នុងការរួមគ្នាកសាងនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់។
លោកស្រីឯកអគ្គរដ្ឋទូត បានមើលឃើញថា គម្រោង «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ» រវាងខេត្តជាំងស៊ូ នៃប្រទេសចិន និងប្រទេសកម្ពុជា គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រុមហ៊ុនកំពុងចូលរួមយ៉ាងសកម្ម ក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ការលើកកម្ពស់ក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេឡិកត្រូនិក និងជំរុញការនាំចេញផលិតផលកសិកម្មល្អៗរបស់កម្ពុជាជាច្រើនទៀត មកកាន់ទីផ្សារប្រទេសចិន។ លោកស្រីសង្ឃឹមថាគម្រោងនេះ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ូ។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានណែនាំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ប្រទេសចិន និងប្រទេសកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធិ។ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលទើបចូលជាធរមាន បាននឹងកំពុងជួយជំរុញកិច្ចសហប្រតិបត្តិការនៅវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត។
លោករដ្ឋលេខាធិការ បន្តថា ចាប់តាំងពីពេលជំងឺកូវីដ១៩ បានផ្ទុះឡើង រាជរដ្ឋាភិបាលកម្ពុជា បានពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ គម្រោងកិច្ចសហបប្រតិបត្តិការ «ពាណិជ្ជកម្មអេឡិកត្រូនិចតាមផ្លូវសូត្រ» រវាងខេត្តជាំងស៊ូនៃប្រទេសចិន និងប្រទេសកម្ពុជានេះ នឹងផ្តល់ឱកាសសម្រាប់សហគ្រាសតូច និងមធ្យមក្នុងការនាំចេញផលិតផលកសិកម្មល្អរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ គម្រោងនេះ នឹងចាក់បញ្ចូលកម្លាំងជំរុញយ៉ាងខ្លាំងក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ១៩ មានភាពធូរស្រាល៕