ជនដៃដល់ដែលបាញ់ អធិការរងក្រុងព្រះសីហនុម្នាក់ឲ្យរងរបួស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសត្រូវចាប់ខ្លួន និងដកហូតអាវុធជាច្រើនដើម


 (ព្រះសីហនុ)៖ ជនដៃដល់ដែលបាញ់អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញរួមសហការគ្នាបង្ក្រាបបានជាបន្ដបន្ទាប់សរុប៦នាក់ ក្នុងនោះមានទាំងអ្នកលក់កាំភ្លើងឲ្យជនដៃដល់ផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ជនដៃដល់ និងបក្ខពួក ព្រមទាំងដែលលក់ដូរអាវុធត្រូវបង្ក្រាបបាន សរុប៦នាក់ ក្នុងនោះមានជនជាតិខ្មែរ៣នាក់ និងជនជាតិវៀតណាម (ដៃដល់) ៣នាក់ផងដែរ។

*ទី១៖ ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ30ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់)
*ទី២៖ ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ24ឆ្នាំ ជនជាតុវៀតណាម (ប្រពន្ធជនដៃដល់)
*ទី៣៖ ឈ្មោះ DINH THANH XUYEN អាយុ25ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក)
*ទី៤៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
*ទី៥៖ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ29ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
*ទី៦៖ ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ35ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ ដោយមានការកិច្ចការពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅពេលឃាត់ខ្លួនជនសង្ស័យបានហើយនោះ កម្លាំងជំនាញក៏បានសួរនាំ និងស្រាវជ្រាវស្វែងប្រភពនៃការផ្ដល់អាវុធឲ្យជនសង្ស័យដែលបានធ្វើសកម្មភាព ជាលទ្ធផលចាប់ខ្លួនបាន៣នាក់ (ឈ្មោះខាងលើ) ព្រមទាំងឈានដល់ការឆែកឆេររកឃើញអាវុធជាច្រើនដើមទៀតផងដែរ។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលទទួលបានក៏បញ្ជាក់ដែរថា បន្ទាប់ពីឆែកឆេរនៅទីតាំងលាក់ទុករបស់ជនសង្ស័យ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលហើយនោះ សមត្ថកិច្ចក៏បានរកឃើញអាវុធជាច្រើនដើមផងដែរ ដែលពួកគេរក្សាទុកដើម្បីជួញដូរដោយខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យក្រោយបញ្ចប់ការសួរនាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ជាមួយវត្ថុតាងដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមជម្រាបថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានអ្នករត់តាក់ស៊ីម្នាក់ ឈ្មោះ គឹម ភារុណ អាយុ៣៧ឆ្នាំ បានមកប្តឹងរាយការណ៍ផ្ទាល់មាត់តាមរយៈទូរស័ព្ទជូនសមត្ថកិច្ចនៅគោលដៅស្នាក់ការ P120 ថា មានជនជាតិវៀតណាមមួយក្រុម មានគ្នា០៥នាក់ (ស្រី០២នាក់) បានជួលរថយន្តតាក់ស៊ីរបស់គាត់ជិះពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះសីហនុ លើផ្លូវអាគារឆាយណាថោន ស្ថិតក្នុងក្រុមទី១៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនចង់ឲ្យលុយ ក៏ដកអាវុធខ្លីគំរាមរកបាញ់គាត់។

ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងល្បាតបានចុះទៅធ្វើការសាកសួរ ក្នុងពេលនោះមានបុរសម្នាក់ស្ពាយកាបូបពណ៌ខ្មៅ មិនព្រមសហការចង់រត់គេចខ្លួន ភ្លាមនោះកម្លាំងជំនាញបានផ្ទុះអាវុធ០១គ្រាប់ឡើងលើ ដើម្បីបញ្ឈប់ធ្វើការត្រួតពិនិត្យ។ បុរសនោះក៏បានបើកកាបូបស្ពាយដកអាវុធ ត្រូវបានកម្លាំងចាប់ដៃទើបធ្វើឲ្យផ្ទុះ០១គ្រាប់ ចំក្រោមកំភួនជើងខាងស្តាំមន្ត្រីម្នាក់បណ្ដាលឲ្យបាក់៕