សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូននាយករដ្ឋមន្ត្រីវៀតណាម សម្ដែងការអបអរសាទរដល់ខួប​អនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូន លោក ផាម មិញជិញ នាយករដ្ឋមន្តីសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសម្តែងការអបអរសាទរ ចំពោះ ខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

តាមរយៈសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

«តាមនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរសាទរយ៉ាងកក់ ក្តៅបំផុត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងប្រជាជនវៀតណាមជាទី រាប់អាន ក្នុង ឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម២០២២ ។ នេះពិតជាពេលវេលាដ៏ប្រសើរដើម្បីជំរុញឲ្យកាន់តែខ្លាំងក្លានូវមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ច សហ​ប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ដែលបានផ្សារភ្ជាប់គ្នាអស់រយៈពេលជាច្រើន រយឆ្នាំ​មកហើយ មុនពេលដែលយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៦៧។ ខ្ញុំ មានការរីករាយដោយបានសង្កេតឃើញថា ចំណងទាក់ទងមិត្តភាពជាបងប្អូនដ៏ល្អ និងកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធកំពុងបន្តរីកចម្រើន និងត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនទសវត្សមក នេះ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញ ទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ក្នុងដំណើរឆ្លងកាត់ការលំបាកជាច្រើនសម្រាប់ពេលវេលាដ៏យូរ ក្នុងបុព្វហេតុរំដោះ ការ បង្រួបបង្រួម​ឯករាជ្យ និងការអភិវឌ្ឍន៍ជាតិ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងវៀតណាមនឹង បន្តជម្រុញអោយ កាន់តែស៊ីជម្រៅថែមទៀតសម្រាប់ចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយូរ អង្វែង និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើង ក្នុងវិស័យជាច្រើន ទាំងទ្វេភាគី តំបន់ និងវេទិកាអន្តរជាតិក្នុង​ឆ្នាំបន្តបន្ទាប់ ដែលវានឹងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកប ដោយចីរភាព នៃសហគមន៍អាស៊ាន និងពិភពលោក។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមសំដែងការអបអរសាទរអស់ពីដួងចិត្តជូនប្រជាជន និង រដ្ឋាភិបាល វៀតណាម ដែលបន្តទទួលបានជោគជ័យក្នុងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជា លើកកម្ពស់តួនាទីយ៉ាងសកម្មរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

សូមបញ្ជាក់ថា កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែង ប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោ​បាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ គិតមកដល់ខែមិថុនា ឆ្នាំ២០២២នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានរយៈពេល៥៥ឆ្នាំហើយ៕