រុស្ស៊ីស្វែងរកទីផ្សារឥន្ធនៈថ្មីនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ខណៈអឺរ៉ុបងាកចេញពីទីផ្សាររបស់ប្រទេសនេះ


 (ម៉ូស្គូ)៖  តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចេញផ្សាយបានបញ្ជាក់ថា ទិន្នន័យរបស់ក្រុមហ៊ុន Refinitiv Eikon និងប្រភពផ្សេងទៀតបានបង្ហាញថា ប្រទេសរុស្ស៊ី កំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង និង ឥន្ធនៈ​ណាហ្វហ្សា (naphtha) ទៅកាន់ទ្វីបអាហ្រ្វិក និងមជ្ឈិម បូព៌ា ខណៈដែលប្រទេសនេះពិបាក ក្នុងការលក់ឥន្ធនៈនៅអឺរ៉ុប។ ពាណិជ្ជករនានាបាននិយាយថា ក្រុមហ៊ុនប្រេងរុស្ស៊ី នាពេលថ្មីៗនេះ បានបង្កើនការផ្គត់ផ្គង់ប្រេងសាំង និងឥន្ធនៈណាហ្វហ្សា (ប្រភេទឥន្ធនៈម្យ៉ាងដែលអាចប្រើជាឥន្ធនៈ ប្រេងសម្អាតដែក និងឧស្ម័នដែលមានអុកតានខ្ពស់) ទៅកាន់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលដឹក ចេញពីតំបន់បាល់ទិក។ មុនពេលដាក់ទណ្ឌកម្ម ការផ្គត់ផ្គង់របស់រុស្ស៊ីភាគច្រើនទៅកាន់តំបន់នេះត្រូវ បានដឹកចេញពីកំពង់ផែនៅសមុទ្រខ្មៅ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Refinitiv ថា យ៉ាង ហោចណាស់ឥន្ធនៈចំនួន ៥កប៉ាល់ដែលផ្ទុកប្រេងសាំង និងឥន្ធនៈ naphtha ប្រហែល ២៣០ ០០០តោន ត្រូវបានផ្គត់ផ្គង់ក្នុងរយៈពេលពីខែឧសភាដល់ខែមិថុនា ចេញពីកំពង់ផែ Ust-Luga នៅតំបន់បាល់ទិកទៅកាន់ប្រទេសអូម៉ង់ និងទៅកាន់មជ្ឈមណ្ឌលប្រេង Fujairah របស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម។ ទិន្នន័យនេះបានបង្ហាញថា ជារួម ការផ្គត់ផ្គង់ឥន្ធនៈ naphtha និងប្រេងសាំង ពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេសអូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម មានចំនួនសរុបជិត ៥៥០០០០តោន នៅឆ្នាំនេះ ខណៈដែលនៅឆ្នាំ២០២១ មិនមានការនាំចេញទៅកាន់ប្រទេសពីរនេះទេ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Refinitiv Eikon និងពាណិជ្ជករផ្សេងៗបានឱ្យដឹងថា ប្រទេសនី ហ្សេរីយ៉ា និងម៉ារ៉ុក គឺជាគោលដៅសំខាន់ក្នុងទ្វីបអាហ្រ្វិក សម្រាប់ប្រេងសាំង និងឥន្ធនៈ naphtha របស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលកប៉ាល់ដឹកឥន្ធនៈជាច្រើនក៏ដឹកទៅកាន់ ប្រទេសសេណេហ្គាល់ ស៊ូដង់ កូតឌីវ័រ និងតូហ្គោផងដែរ។

យោងតាមប្រភពដដែល ការផ្គត់ផ្គង់ប្រេងសាំង និង naphtha របស់រុស្សីប្រចាំខែជារួមទៅតំបន់ នេះមានប្រហែល ២០០ ០០០តោនក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងបរិមាណដែលបាន ដឹកជញ្ជូនពីទីតាំងស្តុកនៅក្នុងកំពង់ផែរបស់ប្រទេសឡេតូនី និងអេស្តូនី។
ទីភ្នាក់ងាររ៉យទ័របានរាយការណ៍ថាការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកបានកើនឡើងផងដែរគឺដល់ ១ លានតោនគិតចាប់តាំងពីដើមឆ្នាំនេះមក ដែលកើនឡើងពី ០,៨លានតោនក្នុងខែមករាដល់ខែមិថុនា ឆ្នាំ២០២១ ដោយមានប្រទេសសេណេហ្គាល់ និងតូហ្គោ ជាគោលដៅកំពូល។ នៅក្នុងខែឧសភា ប្រេងឥន្ធនៈរបស់រុស្ស៊ីដែលបានដឹកជញ្ជូនទៅកាន់មជ្ឈ មណ្ឌលប្រេង Fujairah របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ៕