ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនអាមេរិក ចូលរួមវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ស្នើឱ្យក្រុមអាមេរិក ចូលរួមវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា ដែលកម្ពុជាកំពុងធ្វើការកែលំអរ ដើម្បីឱ្យតម្លៃដឹកជញ្ជូនមានតម្លៃថោក និងប្រើពេលវេលាតិចជាងមុន។

សំណើរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសយានយន្ត នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកយានយន្តនេះបង្កើតឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន RMA Group។ មជ្ឈមណ្ឌលនេះផ្តល់ការ បណ្តុះបណ្តាលដោយមិនគិតប្រាក់នោះឡើយ។

នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា រាជរដ្ឋា ភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញផែនការមេក្នុងការ កែលំអរ និងអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន ដើម្បីធ្វើឱ្យតម្លៃនៃការដឹកជញ្ជូននៅកម្ពុជាថោកជាងមុន និងប្រើពេលវេលាតិចជាងមុន អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់ ដើម្បី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកបណ្តាក់ទុននៅកម្ពុជា។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ផែនការមេអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូននេះ មានគម្រោងប្រហែល ជា ៣៣០គម្រោង ដោយត្រូវការថវិកាវិនិយោគប្រមាណ ៥០ពាន់លានដុល្លារអាមេរិក និងប្រើពេល អភិវឌ្ឍន៍ ១០ឆ្នាំ។

ដើម្បីធ្វើឱ្យផែនការអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូនសម្រេចតាមផែនការនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនរថយន្ត ហ្វត (Ford) ក្រុមហ៊ុន RMA ជួយទាក់ទាញអ្នកវិនិយោគពីសហរដ្ឋ អាមេរិកថែមទៀត ដើម្បីចូលរួមក្នុងការអនុវត្តន៍ ការអភិវឌ្ឍ ការវិនិយោគទៅលើប្រព័ន្ធឡូជីស្ទីកនៅ កម្ពុជានេះ៕