(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានបង្ហាញឆន្ទៈចង់ឃើញអាស៊ានចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភ ពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃ នៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ និងទាញយ កផលចំណេញផ្នែកសេដ្ឋកិច្ច។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សម្តេចនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ ការប្រកួត World Cup ឱ្យក្លាយជាការពិត។
ការថ្លែងយ៉ាងដូច្នេះរបស់ប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ទទួលពានបាល់ទាត់ពិភពលោក (FIFA World Cup) ដែល ដង្ហែមកដល់កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់ឆ្នាំ២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត»។
សម្តេចតេជោបន្តថា «ទ្វីបអាស៊ីទើបទទួលធ្វើម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកតែពីរលើក ប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺ កូរ៉េ-ជប៉ុន និងឆ្នាំ ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញ បន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យ កាន់តែរឹងមាំ ជាមួយភាព-សុខដុមរមនា រវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំង សេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ាន ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មាន ឥទិ្ធពលនេះ»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូង។
សម្តេចតេជោបន្តថា ពានរង្វាន់មាសសុទ្ធទម្ងន់ ៦.១គីឡូក្រាម ពិតជាមានអត្ថន័យសម្រាប់វិស័យ កីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមានឱកាសកាន់ប៉ះដោយផ្ទាល់ នូវពានរង្វាន់ ដ៏មានតម្លៃនិងសារៈសំខាន់នេះ។ សម្តេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជា ច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។
សម្តេចបានបន្ថែមទៀតថា ទន្ទឹមនេះព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅ ស្របពេល ដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡា បាល់ទាត់នេះផងដែរ ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចបានអំពាវនាវសូមឲ្យអ្នកស្នេហា វិស័យកីឡាលើពិ ភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ខាងមុខ៕