រយ:ពេល៥ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ១ ៧២៦លានដុល្លារស្មើជាង៦១% នៃផែនការច្បាប់ថវិកា

 (ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ចំនួន ៦ ៩៩៤.០៦ ប៊ីលានរៀល (ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ) ស្មើនឹង៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធ ផលប្រមូលចំណូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាន។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធអនឡាញ (Zoom Meeting) និងការចូលរួមពី លោក-លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រធាន សាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោម ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «សរុបរយៈពេល៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអន ឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៩៩៤.០៦ ប៊ីលានរៀល (ប្រមាណជា១ ៧២៦.៩៣   លានដុល្លារ) ស្មើនឹង ៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ ក្នុង រយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៥២៦.៣០ ប៊ីលានរៀល ( ប្រមាណជា ៣៧៦.៨៧ លានដុល្លារ) ស្មើនឹង២៧.៩៥%»

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធ សំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល ២៥.៩៨% អាករលើតម្លៃបន្ថែម ២៦.៤២% ពន្ធលើប្រាក់បៀវត្ស ២៦.៣៨% អាករពិសេស ៣៣.៤១% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤.៣៨%។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល ក៏បានបន្តផ្សព្វផ្សាយ និងបញ្ជៀបនូវប្រសាសន៍សំខាន់ៗ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសចែកសញ្ញាបត្រជូនសិស្ស កម្មសិក្សាការី និង សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ជាពិសេស អនុសាសន៍ ពាក់ព័ន្ធដែលជាប្រទីប នៃការបន្តកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ៖ ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល, គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការ បានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស, ផ្តើមចេញពីបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រសួង ស្ថាប័ននានា ទម្លាក់អំណាច ទៅមន្ត្រីថ្នាក់ក្រោមជាតិ និងការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តផែនការ នឹងធ្វើឲ្យលេច ឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឲ្យថ្នាក់ ក្រោម និងរាយការណ៍។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណ យ៉ាងជ្រាល ជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមចំណុះ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូល ចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យនិងជាសមិទ្ធផលរួម របស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕