(កំពង់ធំ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ក្រៅពីមន្ដ្រីជួរមុខ និងក្រុមគោលដៅអាទិភាពហើយនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ប្រជាពលរដ្ឋដែល ដល់រយៈពេលចាប់ពី៣ខែ ក៏អាចទៅទទួលវ៉ាក់សាំងដូសទី៥នេះបានដូចគ្នាផងដែរ។
ការលើកឡើងលោកជំទាវឱ វណ្ណឌីន ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ គ្រា ដែលលោកស្រីដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមូលដ្ឋាន ខេត្តកំពង់ធំ និងសិក្សាស្វែងយល់អំពីតម្រូវការការថែទាំសុខភាពបឋមរបស់សហគមន៍ និងការចូល រួមរបស់សហគមន៍។ ក្នុងនោះ លោកស្រី ក៏បានជួបពិភាក្សាការងារ និងដាក់ផែនការមួយចំនួន ដល់រដ្ឋបាលខេត្តផងដែរ។
លោកជំទាវ ឱ វណ្ណឌីន ក៏បានជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្ដយកវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ចូលទៅចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្ដាសាលារៀន រោងចក្រ សហគ្រាស និងភូមិ ឋានរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានអះអាងថា លទ្ធផលរយៈពេលជាង១ខែ ដែលកម្ពុជាគ្មានអ្នក ឆ្លងជំងឺកូវីដ១៩ (បញ្ជាក់ដោយម៉ាស៉ីន PCR) ជាលទ្ធផលបានមកដោយបង្ហាញឲ្យឃើញច្បាស់ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសយុទ្ធនាការស្រោចស្របវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះតែម្ដង។
លោកជំទាវ ឱ វណ្ណឌីន បានបន្ដទៀតថា ការដែលមានករណីឃើញ និងស្លាប់ដោយសារជំងឺកូវីដ ១៩ ជាមោទកភាពរបស់កម្ពុជា តែយើងក៏មិនត្រូវភ្លេចខ្លួន ហេតុដូច្នេះហើយបានជាសម្ដេចតេជោ នាយករដ្ឋមន្ដ្រី នៅតែជំរុញ និងប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋបន្ដការការពារខ្លួន កុំឲ្យមាន ការភ្លេចខ្លួន និងបន្ដមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេលដល់វេនដែលត្រូវចាក់ ពិសេសដូសជំរុញ។
បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ទាំងដូសទី៣ ទី៤ និង ដូសទី៥ កំពុងតែផ្ដល់នៅតាមមណ្ឌលសុខភាព និងមន្ទីររដ្ឋគ្រប់កន្លែងទាំងអស់ ដូច្នេះប្រជាពលរដ្ឋ ដែលដល់ពេល ហើយមានបំណងទៅចាក់សូមអញ្ជើញទៅឲ្យបានគ្រប់ៗគ្នា។ លោកស្រីបន្ដថា ព្រមពេលជាមួយគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ដែលកំពុងដំណើរការចាក់ហើយនោះ ក៏មាន ក្រុមគ្រូពេទ្យកងទ័ព យុវជនស្ម័គ្រចិត្តសម្ដេចតេជោ និងគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត ដែលពង្រាយ នៅតាមបណ្ដារាជធានី-ខេត្តផងដែរ។
គិតត្រឹមយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់ វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ១៥,០៥៨,៩៦៦នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៤,០៨៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,៣៧២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៣,០៨៤នាក់
៤៖ អាយុ៥ឆ្នាំ ៤០៦,៩៨២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៥,៤៤៣នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣២៤,០១៣នាក់, ដូសទី៤ ចំនួន ២,៦៧៥,៤០៧នាក់ និងដូសទី៥ ចំនួន១២៥,១៧១នាក់៕