(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានសហការជាមួយវិទ្យាស្ថានមេគង្គ (MI) រៀបចំវេទិកាសុវត្ថិ ភាពម្ហូបអាហារ ក្រោមប្រធានបទ «ការនាំយកកសិ-ម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារពិភពលោក» នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត រីជេនស៊ី ភ្នំពេញ។
វេទិកានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលទើប ប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ក្រៅពីនេះក៏ដើម្បីចែករំលែកនូវបច្ចុប្បន្នភាពនៃវិស័យកសិ-ម្ហូបអាហារ រួមទាំងផែនការយុទ្ធសាស្ត្រ របស់វិស័យសាធារណៈ លើការពង្រីកការនាំចេញផ្នែកកសិ-ម្ហូបអាហារទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើវិធានការមិនមែនពន្ធគយ (NTMs) និងតម្រូវការអនុលោមភាព ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយ ព្រមទាំងដើម្បីកំណត់អត្តសញ្ញាណ សំខាន់ៗដែលជាតម្រូវការក្នុងចំណោមកសិ-ម្អូបអាហាររបស់សហគ្រាសធុនតូច និងមធ្យមក្នុង វិស័យឯកជន ដើម្បីពង្រីកសក្តានុពលនាំចេញកសិ-ម្ហូបអាហាររបស់ពួកគេ។
វេទិកានេះដែរមានការចូលរួមពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោកស្រី Maria Theresa S.Medialdia ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្ម នៃវិទ្យាស្ថានមេគង្គ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ជាមន្ត្រីបច្ចេកទេសដែលចូលរួម ក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ សរុបប្រហែល៤០នាក់ ជាមួយនឹងការគាំទ្រពីគម្រោង PROSAFE ដែលផ្តល់មូលនិធិដោយកម្មវិធីជំនួយប្រទេសនូវែលសេឡង់ (NZAP)។
ឯកឧត្តម ផាន អូន បានលើកឡើងថា ប្រធានបទសុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវ ពហុវិស័យ ដែលក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមចំណែកក្នុងការ ទទួលខុសត្រូវលើវិស័យបញ្ហាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់ផងដែរ។
ឯកឧត្តម អគ្គនាយកបានបន្តថា បញ្ហាសុវត្ថិភាពម្ហូបអាហារនេះបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ទំនិញ ក៏ដូចជាប៉ះពាល់ដល់វិស័យទេសចរណ៍ អ្នកគ្រប់គ្រងចំណីអាហារ និងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវពាក់ព័ន្ធនឹងគុណភាពទំនិញ និងសេវាកម្មដែលផលិតនិង ប្រើប្រាស់ដោយប្រជាពលរដ្ឋលើផ្នែកសុខភាព សុវត្ថិភាព ការក្លែងបន្លំ និងបរិស្ថាន។
លោកបានបន្តទៀតថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានចំនួន១១ជំពូក និង៤៣មាត្រា គឺមាន គោលបំណងកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់នៃម្ហូបអាហារក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការ ធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។
បើតាម ឯកឧត្តម ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងផ្សព្វផ្សាយច្បាប់នេះ ជូនប្រតិបត្តិករអាជីវកម្ម និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ឱ្យបានយល់ដឹងពីខ្លឹមសារច្បាប់ខាងលើ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅប្រទេសកម្ពុជា៕