សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួន៣ ឆ្ពោះទៅការបញ្ចប់អំពើហិង្សាលើកុមារ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន៣ ទៅកាន់ ដៃគូពាក់ព័ន្ធ ដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា។

អនុសាសន៍នេះត្រូវបានធ្វើឡើងតាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ អនុសាសន៍ទាំង៣នោះរួមមាន៖

ទី១៖ លើកកម្ពស់ស្មារតីរួបរួមគ្នា និង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំង ទ្វេភាគី និងពហុភាគី ដើម្បីលើកស្ទួយសុខុមាលកុមារ និង កិច្ចការពារកុមារ, ជាពិសេសពង្រឹងយន្ត ការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និង ព័ត៌មាន សំខាន់ៗ ដើម្បីចាត់វិធានការទាន់ពេល និង តឹងរ៉ឹងដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើ កុមារ។

ទី២៖ ជំរុញការប្តេជ្ញាចិត្តជាសាកល តាមរយៈការកៀរគរធនធាន ទាំងហិរញ្ញវត្ថុ និង មិនមែន ហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត។

ទី៣៖ ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់ គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ជាពិសេស ចំណុចដៅ ១៦.២៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០។

នៅក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវកិច្ចប្រឹងប្រែងមួយចំនួនរបស់ កម្ពុជា ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ រាល់សកម្មភាពហិង្សាលើកុមារ និង លើកកម្ពស់កិច្ចការពារកុមារ។ ជាក់ស្តែងកម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយ និង ផែនការជាបន្តបន្ទាប់ ដូចជា ផែនការសកម្មភាព ដើម្បី ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០១៧-២០២១, ក្របខណ្ឌគោលនយោ បាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ។

បន្ថែមលើនេះ នៅឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសសមាជិក នៃភាពជាដៃគូសាកល ដើម្បី បញ្ចប់អំពើហិង្សាលើកុមារដោយផ្ដល់អាទិភាពលើការពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសឱ្យការថែទាំនៅកន្លែងថែទាំកុមារ ជាដើម។

សម្តេចតេជោ បានលើកឡើងទៀតថា នៅឆ្នាំ២០២១ ផ្អែកតាមការវាយតម្លៃលើ ផែនការសកម្ម ភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ប្រទេសកម្ពុជា បាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។ ជាទិសដៅទៅមុខកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ សាលារៀន និងក្នុងសហគមន៍។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់ នៅក្នុងបរិយាកាសមួយប្រកប ដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការ ចិញ្ចឹមបីបាច់ និង កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និង សកល តាមរយៈការអនុវត្តនូវ ផែនការ និងគោលនយោបាយជាតិនានា ដែលបានដាក់ចេញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការឈានទៅបញ្ចប់អំពើហិង្សាលើកុមារ ក៏តម្រូវ ឱ្យមានកិច្ចសហការជាសាកល ជាពិសេសក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ដែល បានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាក់ទងទៅនឹង ការបញ្ចប់អំពើហិង្សាលើកុមារ៕