តៃវ៉ាន់ ថាការវាយប្រហាររបស់ចិន អាចនឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាង សង្រ្គាមអ៊ុយក្រែន


 (ហ្សឺណែវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា ការវាយប្រហាររបស់យោធាចិនលើតៃវ៉ាន់ នឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរ ជាងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទៅទៀត ពីព្រោះវាអាចនឹងបង្កឱ្យមានការខ្វះខាតបន្ទះឈីប។

សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន និង ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បាន និងកំពុងបង្កឱ្យទំនិញឡើងថ្លៃ ជាពិសេស ឧស្ម័ន និងប្រេងឥន្ធនៈ ព្រមទាំងការព្រួយបារម្ភពីគ្រោះទុរភិក្សនៅតាមបណ្ដាប្រទេសក្រីក្រផងដែរ។

ក៏ប៉ុន្តែ លោក ចន តេង (John Deng) ជាអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់តៃវ៉ាន់ បានព្រមាន ថាសង្រ្គាមនៅតៃវ៉ាន់អាចនឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាម នៅអ៊ុយក្រែន ដោយលោកសំអាងថាពិភពលោកពឹងផ្អែកលើបន្ទះឈីបរបស់តៃវ៉ាន់ សម្រាប់យាន យន្ដ គ្រឿងអេឡិចត្រូនិក និងទូរស័ព្ទស្មាតហ្វូន ជាដើម។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Reuters លោក ចន តេង បានគូសបញ្ជាក់ដូច្នេះថា «ការរាំងស្ទះដល់ចង្វាក់ផ្គត់ផ្គង់សកល និងការ រាំងស្ទះដល់សណ្ដាប់ធ្នាប់សេដ្ឋកិច្ចសកល គឺអាចនឹងមានសភាពធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន សព្វ ថ្ងៃនេះ ទៅទៀត»

គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគេចាត់ទុកថាជាអ្នកផលិតបន្ទះឈីបទំនើបធំបំផុតមួយនៅលើពិភព លោក ដោយកាលពីឆ្នាំ២០២១ ដែនកោះមួយនេះ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បាន នាំចេញបន្ទះឈីបទៅកាន់ទីផ្សារពិភពលោកមានទំហំដល់ទៅ ១១៨ពាន់លានដុល្លារ៕