ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង មានជាង២០០លានដុល្លារកើន៤២% ក្នុងរយៈពេល៥ខែឆ្នាំនេះ


 (ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានជាង ២០០លានដុល្លារអាមេរិក កើនឡើង៤២.៤% ខណៈអ្នកជំនាញមើលឃើញថា ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងការវិនិយោគរបស់បារាំងនៅកម្ពុជា នឹងកាន់តែល្អជាងមុន។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានទំហំជាង២២៤លានដុល្លារ កើនឡើង៤២.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែជាង ១៥៧លានដុល្លារប៉ុណ្ណោះ។

តាមទិន្នន័យដដែលនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅបារាំងមាន តម្លៃជាង១៧០លានដុល្លារអា មេរិក កើនឡើង៤០.៩% បើធៀបនឹងកាលពីឆ្នាំមុនដែលមានតម្លៃ ១២១លានដុល្លារ ខណៈបារាំង នាំចូលមកកម្ពុជាវិញមានតម្លៃ ជាង៥៣លានដុល្លារកើនឡើង៤៧.៤%។

លោក Philippe Baudry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជារំពឹងថា ទំហំពាណិជ្ជ កម្មរវាងកម្ពុជា និងបារាំងនឹងកើនឡើងបន្ថែមបន្ទាប់ពីបារាំងបានរៀបចំ «វេទិកាធុរកិច្ចបារាំង-កម្ពុជា » នាសប្តាហ៍មុន ជាពិសេសបង្កើននូវប្រភេទទំនិញឱ្យកាន់តែមានភាពចម្រុះ សម្រាប់ការនាំចេញ នាំចូលរវាងប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមទៀត។

លោកបានលើកឡើងថា ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅបារាំង គឺផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិកម្ម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានប្រាប់អោយដឹងថា ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា និងបារាំងគឺដំណើរការល្អ។ លោកបន្តថា នាពេលខាងមុខកម្ពុជានឹងអាចទាក់ទាញក្រុម ហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប ជាពិសេសបារាំង ដោយរួចពន្ធ ដោយសារកម្ពុជានៅមាន EBA។ លើសពីនេះទៅទៀតកម្ពុជា នៅមាន GSP ដែល នាំចេញផលិតផលមួយចំនួន ទៅអាមេរិកដោយរួចពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងRCEP ដែលជាកត្តាទាកទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគ នៅកម្ពុជា។

លោកបន្តថា «ដូច្នេះខ្ញុំគិតថា គាត់នឹងឃើញឱកាសល្អសម្រាប់វិនិយោញគនៅកម្ពុជា ដើម្បីនាំចេញ ទៅកាន់សហគមន៍អឺរ៉ុបផង បារាំងផង មិនត្រឹមតែប៉ុណ្ណឹងទេ កម្ពុជាយើង ក៏មានលទ្ធភាពកែច្នៃផលិត ផលដែលជាវត្ថុធាតុដើម របស់យើងពីកសិកម្ម ពីធនធានរ៉ែ ដែលអាចជំរុញកំណើនបន្ថែមទៀត ទៅ កាន់សហគមន៍អឺរ៉ុបនាពេលអនាគត»