ប៉ូលិសប្រេស៊ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន


 (រីយ៉ូ)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ គឺប៉ូលិសក្នុងប្រទេសប្រេស៉ីល និងក្រុមរុករកជនជាតិភាគតិច បានច្រានចោលរបាយ ការណ៍កាលពីថ្ងៃចន្ទដែលថា ពួកគេបានរកឃើញសាកសព អ្នកកាសែតជនជាតិអង់គ្លេស និងដៃគូរ ដែលបានបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប៉ូលិសបានរកឃើញសម្ភារៈមួយចំនួនរបស់អ្នកបាត់ខ្លួន នៅឯក្បែរទន្លេមួយ ប៉ុន្តែពុំមានការរកឃើញសាកសព ណាមួយ ដូចរបាយកាណ៍ដែលបានចេញ ផ្សាយជាបន្តបន្ទាប់នោះទេ។ លោក អេលលីស៊ីយ៉ូ ម៉ារូប៊ូ (Eliesio Marubo) មេធាវីតំណាងឲ្យ សមាគមជនជាតិដើម ភាគតិច UNIVAJA បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាននិយាយបញ្ជាក់ជាមួយ ក្រុមការងារស្រាវជ្រាវនេះហើយ ថារបាយការណ៍នេះគឺមិនពិតទេ ខណៈការស្វែងរកនៅតែបន្ត»

គួរបញ្ជាក់ថា លោក ឌុម ហ្វីលីព (Dom Phillips) និងដៃគូរបស់លោក គឺលោក ព្រុយណូ ភើរ៉េរ៉ា (Bruno Pereira) ជាអ្នកជំនាញខាងជនជាតិដើមប្រេស៊ីល ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីសប្ដាហ៍មុន។ លោក ហ្វីលីពជាអ្នកកាសែតម្នាក់ដែលធ្លាប់ចោទសួរប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ ប៊ុលសូណារ៉ូ (Jair Bolsonaro) ចំៗ ជុំវិញភាពចុះខ្សោយនៃអនុវត្តច្បាប់បរិស្ថាននៅ ប្រេស៊ីល៕