សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរ៉វ៉ាន់ដា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកស្រី Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងអបអរសាទរ ចំពោះលោកស្រីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ រដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា។

សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី Dalila Yasmin AMRI SUED នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ ប្រសើរជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែល បានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឱ្យលោកស្រីបានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកស្រី ក៏បានប្តេជ្ញាថា តាមរយៈបេកសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា នឹងខិតខំប្រឹង ប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕