WHO លើកឡើងថា ជំងឺអុតស្វា បង្កហានិភ័យកម្រិតមធ្យម ដល់សុខភាពសាធារណពិភពលោក

 (ហ្សឺណែវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ប្រាប់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះថា បច្ចុប្បន្នជំងឺអុតស្វា ឬ Monkeypox បានផ្តល់ហានិភ័យកម្រិតមធ្យម ចំពោះសុខភាពសាធារណពិភពលោក ក្រោយពីមានសេចក្តីរាយការណ៍អំពីជំងឺនេះក្នុងប្រទេស ដែលមិនធ្លាប់ រកឃើញពីមុនមក។

បើតាមសេចក្តីថ្លែងការណ៍របស់ WHO, «ហានិភ័យសុខភាពសាធារណៈអាចនឹងកើនឡើងខ្ពស់ ប្រសិនបើមេរោគនេះវិវឌ្ឍន៍ទៅជាភ្នាក់ងារបង្ករោគ របស់មនុស្ស និងរាលដាលដល់ក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ដូចជាកុមារតូចៗ និងអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ»

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ករណីឆ្លងជំងឺ អុតស្វាសរុបមានចំនួន ២៥៧ករណី និងករណីសង្ស័យចំនួន១២០ ដែលត្រូវបានរកឃើញក្នុង ប្រទេស និងរដ្ឋជាសមាជិកចំនួន២៣ ជាទីដែលមិនធ្លាប់មានករណីជំងឺនេះកើតឡើង។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះទេ។ ការលេចឡើងភ្លាមៗនៃជំងឺអុតស្វាក្នុងពេលតែមួយ នៅប្រទេសមិនធ្លាប់មាន គឺបង្ហាញថាមានករណី​ឆ្លងដែលយើងមិនបានដឹង ឬអាចមានការរាលដាលថ្មីថែមទៀត៕