ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា «បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បី ខ្លួនអ្នក និង​ដើម្បី​អនាគតកូនចៅយើង»


 (កំពង់ចាម)៖ ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់ កណ្ដាលចុះជួយស្រុកកងមាស ខេត្តកំពង់ចាម បានលើកឡើងថា «បោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនអ្នក និងដើម្បីអនាគតកូនចៅយើង»។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងនៃការចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅកងតាណឹង និងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម បានលើកឡើងថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លង មកនេះ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់សន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសុវត្ថិភាព សន្តិភាព ការអភិវឌ្ឍ ហ៊ានសន្យា ហ៊ានធ្វើ បំពេញតាមសំណូរពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន និងក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំកងតាណឹង និងរកាអារ ព្រមទាំងលោក​-លោកស្រី ចុះជួយស្រុកកងមាសទាំងមូល ដែល បានបំពេញការងារយ៉ាងសកម្មចូលរួមអភិវឌ្ឍស្រុកកងមាសឱ្យមានភាពរីកចម្រើនផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានអំពាវដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតជូនបេក្ខជនមេឃុំថ្មី ដើម្បីផ្តល់ឱកាសដល់ក្រុមការងារជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកងមាសជាបន្តទៀត អាច ឱ្យក្រុមការងារបានរួមសុខ រួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ នៅស្រុក កងមាស ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងភូមិ ឃុំ មានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងទទួលខុសត្រូវចំពោះការអភិវឌ្ឍនៅ មូលដ្ឋាន។

ឯកឧត្តម រដ្ឋមន្ត្រីបានអះអាងថា គណបក្សប្រជាជន នឹងបន្តផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ មានប្រសិទ្ធភាព និងលឿនជាងមុន ដើម្បីចូលរួមលើកស្ទួយជីវភាព ការប្រកបរបរចិញ្ចឹមជីវិត និង ការពារផលប្រយោជន៍របស់ប្រជាជន ជាពិសេសការបង្កើនការងារ ការពង្រីកមុខរបរ ការងារកសិ កម្មនិងផលិតកម្ម និងការពង្រីកទីផ្សារនៅគ្រប់ឃុំ ក្នុងស្រុក កងមាស។

ឯកឧត្តម សន្យានឹងបន្តជួយគាំទ្រឲ្យកាន់តែខ្លាំងថែមទៀតដល់ការរៀនសូត្ររបស់កូនចៅ និងក្មួយ ៗជាសិស្ស និងនិស្សិតទាំងអស់ឲ្យបានរៀនសូត្រនៅក្នុងអគារ សិក្សាល្អៗ មានសម្ភារ បរិក្ខារគ្រប់ គ្រាន់ និងមានឱកាសរៀនបន្តនៅមហាវិទ្យាល័យគ្រប់គ្នា ព្រមទាំងយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌ នៃការបំពេញការងារ និងជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ ឲ្យកាន់តែប្រសើរ ជាងមុន៕