(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអនុម័តក្នុងសំឡេងគាំទ្រ យ៉ាងលើសលប់នូវកញ្ចប់ ជំនួយថ្មីដែល មានទំហំទឹកប្រាក់ជិត ៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយបានបញ្ជូនសេចក្ដីព្រាងច្បាប់ ទៅកាន់សេតវិមាន ដើម្បីឱ្យប្រធានាធិបតី លោក ចូ បៃដិនចុះហត្ថលេខា ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើនកញ្ចប់ជំនួយផ្នែកយោធាអស់រយៈពេលជិត ៣ខែមកហើយ បន្ទាប់ពីការឈ្លាន ពាន របស់រុស្ស៉ីលើអ៊ុយក្រែន។
ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ១១សំឡេង លើកញ្ចប់ ជំនួយសង្គ្រោះបន្ទាន់ផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន រហូតមកដល់បច្ចុប្បន្ន។
ប្រធានព្រឹទ្ធសភាអាមេរិកសំឡេងភាគច្រើន លោក ឆុក ស៊ូមមើ (Chuck Schumer) បាននិយាយ ដោយជំរុញឱ្យមានការគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ មុនពេលបោះឆ្នោតយ៉ាងដូច្នេះថា «នេះ គឺជាកញ្ចប់ជំនួយដ៏ធំមួយ ហើយវានឹងបំពេញតម្រូវការដ៏ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន នៅពេល ដែលពួកគេ តស៊ូប្រយុទ្ធ ដើម្បីជីវិតរបស់ពួកគេ»។
លោក បៃដិន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក៏បានកត់សម្គាល់ដែរថា ការអនុម័តលើសេចក្ដីព្រាង ច្បាប់ បានធានាថានឹងមិនមានការខកខានក្នុងការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ឡើយ។ លោក បៃដិន បានបន្ថែមថា «ខ្ញុំសូមអបអរសាទរសភា សម្រាប់ការផ្ញើសារទ្វេភាគីច្បាស់ លាស់ទៅកាន់ ពិភពលោកថា ប្រជាជនអាមេរិកឈររួមគ្នាជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅ ពេលដែលពួកគេព្យាយាមប្រយុទ្ធប្រឆាំង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ពួក គេ»៕