អធិការរងក្រុងបាវិតបាញ់ស្ត្រីថៅកែហាងបៀរហ្គាឌេនបញ្ឆិតក្បាលទំនងជារឿង«ស្នេហាត្រីកោណ»

ខេត្តស្វាយរៀង ៖ មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបនៅក្រុងបាវិត ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានបាញ់ស្ត្រីម្ចាស់ហាង បៀរហ្គាឌេន យីហោ« សំណាងអាណេ»នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបញ្ឆិតក្បាលបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនភ្លាមៗទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម កាលពីវេលាម៉ោង ១៨ និង១០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំណែកជនសង្ស័យឈ្មោះ កែវ ចិត្រ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលជាន់ខ្ពស់មួយរូបដែលទើបនឹងឡើងកាន់តំណែងជាអធិការរងក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុននេះទេ ហើយគាត់ត្រូវជាកូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ កែវ ចិត្រ បានចូលទៅផឹកស៊ីនៅក្នុងហាងបៀរហ្គាឌេន ខាងលើនេះ។ ការផឹកស៊ីបានតែប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែជនសង្ស័យបានទាញកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ពេលនោះមានការភ្ញាក់ផ្អើលពេញក្នុងហាង ហើយទំនងជាមានអ្នកចូលទៅអន្តរាគមន៍ឃាត់ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ក៏ស្រាប់តែស្នូរកាំភ្លើងបានផ្ទុះឡើងមួយគ្រាប់ទៀតបណ្តាលឲ្យផ្លាតទៅត្រូវបញ្ឆិតក្បាលស្ត្រីដែលជាម្ចាស់ហាងដែលនៅជិតនោះ បណ្តាលរងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរទេព្យក្នុងប្រទេសវៀតណាមតែម្តង។

ប៉ូលិសប្រាប់ថា ឈ្មោះ កែវ ចិត្រ ក្រោយពេលកើតរឿងបាញ់ប្រហារមនុស្សរួចមក បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំមានការសម្រេចជាថ្មីលើករណីបាញ់ប្រហារខាងលើនេះ។

ប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានបង្ហើបឲ្យដឹងថា ការបាញ់ប្រហារនេះ អាចផ្តើមចេញពី«ស្នេហាត្រីកោណ» ច្រើនជាងមានទំនាស់រវាងបុគ្គល និងបុគ្គលក្នុងពេលផឹកស៊ី ដែលរឿងនោះ ទំនងជាពាក់ព័ន្ធជ្រៅជាមួយនឹងជនសង្ស័យលោក កែវ ចិត្រ ដែលទើបនឹងទទួលតំណែងថ្មីជាអធិការរងក្រុងបាវិត នាពេលថ្មីៗនេះ៕