(ម៉ារីយូប៉ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ទាហានអ៊ុយក្រែនច្រើនជាង ២៥០នាក់ នៅក្នុងរោងចក្រ អាហ្សូវស្ទល (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) បានទម្លាក់អាវុធចុះចាញ់ ទាហានរុស្ស៉ី បន្ទាប់ពីពួកគេបានតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ។ ប៉ុន្តែ ជោគវាសនារបស់ ទាហានទាំងនេះស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល នៅឡើយ។
ការគ្រប់គ្រងទាំងស្រុងលើទីក្រុងម៉ារីយូប៉ូល នឹងក្លាយជាជ័យជម្នះដ៏ធំបំផុតរបស់រុស្ស៉ី ចាប់តាំងពី សង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្តែ ផ្លូវតភ្ជាប់ជាច្រើន ទៅកាន់កំពង់ផែនានាក្នុងទីក្រុង ម៉ារីយូប៉ូល ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ រីឯមនុស្សរាប់ពាន់នាក់ត្រូវបានគេជឿជាក់បានបាត់ បង់ជីវិត។ ដោយឡែក បើតាម ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass ទាហានអ៊ុយក្រែនយ៉ាងហោច ២៥៦នាក់ បានទម្លាក់អាវុធសុំចុះចាញ់ ហើយក្នុងចំណោមពួកគេ មាន៥១នាក់រងរបួសធ្ងន់។
តែទោះជាយ៉ាងនេះក្ដី,ជោគវាសនារបស់ទាហានទាំងនេះស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយ ដ្បិតទីភ្នាក់ងារសារព័ត៌មាន Tass ក៏បានឱ្យដឹងដែរថា គណៈកម្មាធិការមួយរបស់រុស្ស៉ីមាន ផែនការសួរចម្លើយទាហានអ៊ុយក្រែនដោយភាគច្រើនពួកគេជាក្រុមអ្នកប្រយុទ្ធមកពីកងវីរសេនាតូចអាហ្សូវនៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតមួយដែលទីក្រុងមូស្គូហៅថា «ឧក្រិដ្ឋកម្មប្រព្រឹត្តដោយរបបដឹកនាំអ៊ុយក្រែន»៕