(ហាណូយ)៖ ក្រុមអត្តពលិកកម្ពុជា បានបន្ថែមមេដាយចំនួន ៦គ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ នេះ រួមមានមេ ដាយប្រាក់ ១ និងសំរឹទ្ធ ៥ ។ នេះបើតាមការបញ្ជាក់របស់នាយបេសកកម្ម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
សម្រាប់មេដាយទទួលបានពីការប្រកួតថ្ងៃទី១៥ ខែឧសភា នេះ រួមមាន៖
កីឡាប៉េតង់ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាវាយគូបុរស គឺកីឡាករ ថោង ឈឿន និង យឹម សុភ័ណ្ឌ ក្រោយប្រកួតចាញ់ក្រុមថៃ ដោយលទ្ធផល ១៣-៨ពិន្ទុ និងមេដាយសំរឹទ្ធ ១ ដណ្ដើម បានពីវិញ្ញាសាវាយគូនារី ដោយកីឡាការិនី នុប ឆលីកា និង ហៀង វិជ្ជនី ក្រោយប្រកួតចាញ់ក្រុម ម្ចាស់ផ្ទះវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
កីឡាវូស៊ូ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ដោយកីឡាករ ម៉ៅ មុយចន្ថាឬទ្ធិ វិញ្ញាសាប្រយុទ្ធ (Sanda) ទម្ងន់ ៦០គីឡូក្រាម, កីឡាករ មុំ សាមិត្ដប្រាំពីរកែវ វិញ្ញា សាប្រយុទ្ធ (Sanda) ទម្ងន់ ៥៦គីឡូក្រាម និងកីឡាការិនី ផាត់ ដានី វិញ្ញាសាប្រយុទ្ធ (Sanda) ទម្ងន់ ៥២គីឡូក្រាម ។
រីឯមេដាយសំរឹទ្ធ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាការិនី ម៉ាប់ សុខហួយ លើប្រភេទកីឡា ជឺជីតស៊ូ ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៥គីឡូក្រាម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងពិធីបំពាក់មេ ដាយកីឡាការិនីវ័យក្មេងរូបនេះ វីរៈកីឡាការិនី ខាន់ ចេសា ក៏បានចូលរួមអបអរសាទរផ្ទាល់ផងដែរ ទោះបីនាងមិនបានប្រកួត ដោយសារបញ្ហាលើសទម្ងន់ក៏ដោយ ។
សូមបញ្ជាក់ថា គិតល្ងាចថ្ងៃទី១៥ ខែឧសភាម្សិលមិញនេះ កម្ពុជា កំពុងឈរលេខរៀងទី៨ ក្នុងតារាង ចំណាយ មេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង រួមមានមេដាយ មាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៩គ្រឿង ៕