កូរ៉េខាងជើង រាយការណ៍ពីករណីស្លាប់ដំបូងបំផុត ដោយសារកូវីដ-១៩


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបាន រាយការណ៍ថាមនុស្សម្នាក់បានស្លាប់ដោយសារមេរោគ COVID-19 អូមីក្រុង ដែល នេះជាការទទួល ស្គាល់ករណីស្លាប់ដំបូងបំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងមក ខណៈមនុស្សរាប់ម៉ឺននាក់ ផ្សេងទៀតធ្លាក់ខ្លួនឈឺជាមួយរោគសញ្ញា គ្រុនក្ដៅ។

បើតាម KCNA មនុស្សជិត ៣៥០,០០០នាក់មានរោគសញ្ញាគ្រុនក្ដៅ ក្នុងនោះមាន ១៨,០០០នាក់ ទើបចេញរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមនុស្សចំនួន ១៨៧,៨០០​នាក់ ត្រូវបានធ្វើចត្តាឡីស័ក។ KCNA បន្ថែមទៀតថា មនុស្ស ១៦២,២០០នាក់បាន ទទួលការព្យាបាល តែមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលឆ្លង COVID-19 នោះទេ។

បន្ថែមពីលើនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះក៏បានឱ្យដឹងដែរថាយ៉ាងហោចមានមនុស្ស ៦នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅបានស្លាប់ តែ ក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះត្រូវបាន ទទួលស្គាល់ថាស្លាប់ដោយសារមេរោគអូមីក្រុង។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ មជ្ឈមណ្ឌប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងជើង ដើម្បី ត្រួតពិនិត្យស្ថានភាព និងបានបញ្ជាឱ្យដាក់ ចេញវិធានការបិទខ្ទប់ប្រទេសទាំងស្រុង បន្ទាប់ពីទទួលស្គាល់ករណីឆ្លងដំបូងនៃ COVID-19 នៅក្នុងប្រទេស៕