ប៉ូលីសបិទទិដ្ឋាការអចិន្ត្រៃយ៍លើជនបរទេសម្នាក់ដែលបង្ហោះវីដេអូបំភ័យទេសចរមិនឲ្យចូលមកកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រេចបិទទិដ្ឋាការ និង​ដាក់​ឈ្មោះ​បុរស​បរទេស​ម្នាក់​ដែលបង្ហោះវីដេអូឲ្យភ្ញៀវបរទេសកុំមកលេងកម្ពុជា ចូលក្នុងបញ្ជីហាមឃាត់ជាស្ថាពរ មិន​ឲ្យចូលមកប្រទេសកម្ពុជា។ ការសម្រេចបិទទិដ្ឋាការលើជនបរទេសនេះ ធ្វើ​ឡើង​តាម​សំណើ​របស់​ក្រសួង​ទេសចរណ៍។ ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួង​ទេសចរណ៍​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​វីដេអូ​នោះ​ចោល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩​នេះថា ជនបរទេសរូបនេះ ត្រូវបានដាក់ឈ្មោះនៅក្នុងបញ្ជីខ្មៅ និង​ហាម​ឃាត់​ចូល​មក​ប្រទេសកម្ពុជា ដោយសារ​តែរូបគេបានថតវីដេអូនៅកន្លែងមួយចំនួន មក​បង្ហោះ​ក្នុង​ន័យ​បំភ័យ​ភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដែលធ្វើឲ្យប៉ះពាល់កិតិ្តយស និង​គោល​ដៅ​ទេសចរណ៍​កម្ពុជា។

លោក​ បានបញ្ជាក់ថា «យើងបានស្រាវជ្រាវស្គាល់អត្តសញ្ញាណហើយ ចូល​មក​តាំង​ពី​ខែ​កក្កដា​មកម្ល៉េះ។ យើងបានដាក់ចេញវិធានការ និងសុំគោលការណ៍ពី សម្តេចក្រឡាហោម ហើយ​សម្តេច​បាន​សម្រេច​ដាក់​នៅក្នុងបញ្ជីហាមឃាត់ជាស្ថាពរចូលមកកម្ពុជាទៀតទេ»។ បើ​តាម​នាយ​ឧត្តម​សេនីយ៍ បុរសជនបរទេសម្នាក់នេះ បានចូលមកកម្ពុជាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយ​ក៏​បាន​ត្រឡប់​ទៅ​វិញ​តែ​ម្តង។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍​ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បី​រក​វិធីចាត់​ការ​ចំពោះ​ជនបរទេស​ម្នាក់​នោះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់​នៅ​ប្រទេស​ហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួន របស់​កម្ពុជា បង្ហោះ​ក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយ​រូប​គេ​ក៏​បាននិយាយ​ក្នុង​វីដេអូ​នោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា ។ បន្ទាប់​ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បាន​ប្រតិកម្ម​ថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​ជន​បរទេសរូបនោះផងដែរ៕