ករណីផ្ទុះយ៉ាងកក្រើក នៅសណ្ឋាគារក្នុងរដ្ឋធានីគុយបា ផ្តាច់ជីវិតមនុស្ស២២នាក់ និងបង្កឱ្យ របួសជាង ៧០នាក់

 (ឡាហាវ៉ាន់)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថា ករណីផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅសណ្ឋាគារល្បីឈ្មោះ មួយកន្លែង ក្នុងតំបន់ទីប្រជុំជននៃទីក្រុងឡាហាវ៉ាន់ (Havana) របស់ប្រទេសគុយបា នៅថ្ងៃសុក្រ សប្តាហ៍នេះ។ វាបានបង្កការខូចខាតយ៉ាងដំណំ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច២២នាក់ និង បង្កឱ្យរបួសលើសពី ៧០នាក់។ ថ្លែងចេញពីកន្លែងកើតហេតុ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់ ខានែល (Miguel Diaz-Canel) បាននិយាយថា ហេតុការណ៍ផ្ទុះនោះ បានកើតឡើងដោយ សារការលេចធ្លាយហ្កាស មិនមែនជាករណីបំផ្ទុះគ្រាប់បែក ឬវាយប្រហារណាមួយឡើយ ពោលវាជា ឧបទ្ទវហេតុគួរឱ្យសោកស្តាយមួយ។

សូមបញ្ជាក់ថា នៅពេលកើតហេតុ គឺសណ្ឋាគារខាងលើ មិនស្ថិតក្នុងការបើកដំណើរការឡើយ ហើយមានតែបុគ្គលិកប៉ុណ្ណោះ ដែលមានវត្តមាន។ តាមពិតសណ្ឋាគារដែលមាន៩៦បន្ទប់នោះ ត្រូវបានគ្រោងនឹងបើកទ្វារឡើងវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៅហើយ ខណៈក្រុមបុគ្គលិក បានធ្វើការត្រៀមរៀបចំចុងក្រោយ៕