(យូអិន)៖ យោង តាមលោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ គឺបានអោយដឹងថា សហរដ្ឋអាមេរិកចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោត កំលុងខែឧសភានេះ ជុំវិញការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមី ស៊ីលបាលិស្ទីគ ឡើងវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Thomas-Greenfield អគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានបញ្ជាក់ដូច្នេះថា «វាជា ផែនការរបស់យើងដែលចង់ឱ្យ មានការបោះឆ្នោតលើដំណោះស្រាយកំលុងខែឧសភានេះ…យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះ ស្ថានភាពបច្ចុប្បន្ន ហើយវាជាក្ដីសង្ឃឹមរបស់យើងដែលចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ រួបរួមគ្នា ថ្កោលទោសសកម្មភាពទាំងនោះ របស់កូរ៉េខាងជើង»។
សហរដ្ឋអាមេរិកបានបញ្ជូនសេចក្ដីព្រាងដំណោះស្រាយទៅកាន់សមាជិកទាំង១៥ នៃក្រុមប្រឹក្សា សន្តិសុខ UN កាលពីខែមេសាកន្លងទៅ ដោយស្នើឱ្យមានការហាមឃាត់លើថ្នាំជក់ និងកាត់បន្ថយ ការនាំចេញប្រេងក្នុងទំហំពាក់កណ្ដាលទៅកាន់កូរ៉េខាងជើង ហើយក៏បានបញ្ចូល ក្រុម Hacker មានឈ្មោះថា Lazarus ទៅក្នុងបញ្ជីខ្មៅផងដែរ។ ប៉ុន្តែ រុស្ស៉ី និងចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើង ហាក់ដូចជាបង្ហាញជំហរ ជំទាស់ទៅនឹងការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងរួចទៅហើយ សម្រាប់ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីបកាលពីខែមីនា ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក។ដើម្បីអាចអនុម័តដំណោះស្រាយមួយនៃក្រុមប្រឹក្សាសន្តិសុខ, គេចាំបាច់ត្រូវការសំឡេងគាំទ្រ ឬ Yes ពីសមាជិកចំនួន ៩ប្រទេស ដោយ មិនមានការបោះឆ្នោតវេតូពីសំណាក់រុស្ស៉ី, ចិន, បារាំង, អង់គ្លេស ឬសហរដ្ឋអាមេរិកឡើយ៕