(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលកន្លង មកនេះបើសិនជារាជរដ្ឋាភិបាល មិនមានចំណាត់ការឱ្យបានល្អ លើការគ្រប់គ្រងនិងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នោះទេ នឹងមិនអាចធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានដើរលេងកម្សាន្តសប្បាយ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងទៅនេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួប សំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលង ជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ សរុប១,៧៥៣នាក់។
ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «បើយើងធ្វេស ប្រហែលមិនចាត់ការឱ្យបានល្អ យើងគ្មានថ្ងៃសប្បាយរីករាយក្នុងការចូលឆ្នាំ ដូចពេលកន្លងទៅនោះទេ ក្រោយការចូលឆ្នាំយើងបន្តការតាមដាន ដើម្បីពិនិត្យមើលតើការឆ្លងជំងឺនេះវាកើនឡើង ឫថយចុះ ប៉ុន្តែយើងឃើញថាវាថយចុះ ហើយយើង ក៏បានដកកាតព្វកិច្ចពាក់ម៉ាស់ ហើយទុកសិទ្ធឱ្យពលរដ្ឋ ជ្រើសរើសដោយខ្លួនឯង តើពាក់ម៉ាស់ ឫមិនពាក់ម៉ាស់»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រយុទ្ធជាមួយនឹងសត្រូវដែលមើលមិនឃើញ មិនមែន ជាបញ្ហាតូចនោះទេ វាជាបញ្ហាធំណាស់ដែលពេលខ្លះត្រូវ ចេញសារ សំលេងទាំងយប់ ដើម្បីគ្រប់ គ្រងបញ្ហា និងគ្រប់គ្រងសភាពការណ៍ឱ្យទាន់ពេលវេលា និងដើម្បីឱ្យថ្នាក់ក្រោមទទួលបទបញ្ជារ បន្ទាន់ផងដែរ។
សម្តេចតេជោ បានបន្ថែមថា ទោះបីសម្តេចមានការលំបាកក្នុងការគ្រប់គ្រងប្រទេសមួយ ដែលចេញ ពីស្ថានភាពបាតដៃទទេ ចេញពីប្រទេសដែលមិនទាន់មានសន្តិភាព ចេញពីស្ថានភាពនៃភាពក្រីក្រ ក៏ប៉ុន្តែសម្តេចមានមោទនភាព ដោយទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ហើយរាល់ការថ្លែង សាររបស់សម្តេច ប្រជាពលរដ្ឋបានយល់ ព្រមទទួល និងយកទៅអនុវត្តន៍ ដែលជាក់ស្តែងក្នុង យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទោះបីមានចលនាប្រឆាំងមិនឱ្យចាក់វ៉ាក់សាំង ក៏ប្រជា ពលរដ្ឋបាន ជំនះយល់ព្រម ទៅចាក់វ៉ាក់សាំងបានយ៉ាងច្រើនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការទទួលយកនិងអនុវត្តន៍តាមរបស់ប្រជាពលរដ្ឋក្នុង គ្រានៃជំងឺកូវីដ១៩នេះ គឺចាត់ទុកសំណាងមួយរបស់នាយករដ្ឋមន្ត្រី ក្នុងការទទួលបានការជឿទុក ចិត្តពីប្រជាពលរដ្ឋ ដោយមិនចាំបាច់ប្រើច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឫប្រើច្បាប់ទាំង មូលក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងជំងឺឆ្លងដ៏ទៃទៀតនោះទេ៕