សម្តេចតេជោ ហ៊ុន សែន ទម្លាយហេតុការណ៍ស្រក់ទឹកភ្នែកមុខនាយករដ្ឋមន្ត្រីជប៉ុន ពេលទស្សនាច ម្រៀងរបស់សិល្បការិនីដ៏ល្បីឈ្មោះជប៉ុន ឃើញរូបភាពចាស់ៗពីអតីតកាល សាលារៀនដំបូល ធ្លុះធ្លាយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នេះ បានទម្លាយនូវហេតុការណ៍មួយ ដែលសម្តេចបានស្រក់ទឹកភ្នែក នៅមុខនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឹមីអូ ក្នុងពិធីជប់លៀងមួយ បន្ទាប់ពីបានទស្សនាវីដេអូចម្រៀង របស់សិល្បការិនីដ៏ ល្បីឈ្មោះរបស់ជប៉ុនម្នាក់ ដែលបង្ហាញរូបភាពចាស់ៗ រៀបរាប់ពីអតីតកាលរបស់កម្ពុជា រួមទាំង សាលារៀនមានដំបូលធ្លុះធ្លាយ។ការទម្លាយការស្រក់ទឹកភ្នែក របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់ និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អំបាញ់មិញមកតាមរថយន្ត ខ្ញុំស្រក់ទឹកភ្នែកម្តង ទៀត បន្ទាប់ពីការស្រក់ទឹកភ្នែកកាលពី ២អាទិត្យមុន នៅខេត្តខឹម៉ាមូតុ របស់ជប៉ុន ក្នុងពិធីជប់លៀង នាយករដ្ឋមន្ត្រីជប៉ុនបានយកចម្រៀងមួយបទ ដែលសិល្បការិនីដ៏ល្បីឈ្មោះម្នាក់ គាត់ធ្លាប់មកកម្ពុជា ពីក្មេង ហើយពេលដែលគាត់ធំធាត់គាត់ត្រឡប់មកកម្ពុជាវិញ ហើយគាត់ក៏បាននិពន្ធចម្រៀង គេយក រូបភាពចាស់ៗរបស់យើងយកមកចាក់ ជំនាន់អតីតរដ្ឋកម្ពុជា សាលារៀនមានដំបូងធ្លុះធ្លាយរបស់យើង កូនសិស្សិរបស់យើងមានស្ថានភាពយ៉ាងម៉េច ពេលនោះខ្ញុំស្រក់ទឹកភ្នែក នៅចំពោះមុខនាយករដ្ឋមន្ត្រី ជប៉ុន។ ចម្រៀងនេះ ភាគីជប៉ុននឹងប្រគល់ឲ្យយើង ដោយកំណត់ទូតត្រឹមត្រូវ ឥឡូវមិនទាន់ប្រគល់ បានដោយសារតែចម្រៀងនេះ ស្ថិតនៅក្នុងកម្មសិទ្ធិបញ្ញានៃក្រុមហ៊ុនមួយ។ ជប៉ុននឹងប្រគល់ចម្រៀងនេះឲ្យយើងនៅពេលក្រោយ ហើយយើងនឹងប្រើប្រាស់»

សម្តេចតេជោបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ សម្តេចបានស្រក់ទឹកភ្នែកម្តងទៀត ក្នុងពេលធ្វើដំណើរតាមរថយន្ត ដោយបានមើលទូរទស្សន៍ ឃើញកិច្ចសម្ភាសន៍ជាមួយសិស្សជាប់ និទ្ទេស A មួយចំនួន ធ្វើឲ្យសម្តេចនឹកដល់សម័យអតីតកាល ដែលមិនដឹងស្មានថាកម្ពុជា មានការរីក ចម្រើនដូចសព្វថ្ងៃនេះទេ នៅពេលដែលកម្ពុជាចាប់ចេញដំណើរដោយបាតដៃទទេ ពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ដោយក្នុងបទចម្រៀង របស់សិល្បការិនីជនជាតិជប៉ុននោះ មានរូបភាព ចាស់ៗ ធ្វើសម្តេចនឹងស្រណោះ ភាពខ្លោចផ្សារបស់ប្រជាជនកម្ពុជា ក្នុងអតីតកាល។

សម្តេចតេជោបន្ថែមថា សម្តេចពិតជាមានមោទនភាពណាស់ ដែលបានឃើញការផ្លាស់ប្តូរ របស់ យុវជនជំនាន់ក្រោយ ធ្វើឲ្យមានអារម្មណ៍រំភើបរហូត ដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

សូមជម្រាបថា «ឥន្ទធនូដល់ថ្ងៃស្អែក» គឺជាបទចម្រៀងមួយបទត្រូវបាននិពន្ធឡើង ដោយរំលេច ឡើងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅនៃចំណងមិត្តភាព រវាងតារាចម្រៀងជនជាតិជប៉ុនល្បី ឈ្មោះមួយរូប ជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងពេលតារាចម្រៀងរូបនេះ បានមកលេងនៅកម្ពុជា តាំងពីពេលកម្ពុជា កំពុងស្ថិតស្ថានភាពក្រីក្រ ដោយសារវិបត្តិសង្គ្រាមស៊ីវិល។

បទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» នេះ ត្រូវបានតារាចម្រៀង និងសម្តែងជប៉ុនដ៏ល្បីឈ្មោះ លោក ស្រី មិណាមិណុ យ៉ូកុ។ លោកស្រី មិណាមិណុ យ៉ូកុ បានមកប្រទេសកម្ពុជាពីរដង សម្រាប់ការងារ ទូរទស្សន៍។ លោកស្រីបានមកលើកទី១ ក្នុងឆ្នាំ១៩៨៩ និងលើកទី២ ក្នុងឆ្នាំ២០១៣៕