រុស្ស៉ីថា វិបត្តិអ៊ុយក្រែន កើតឡើងដោយសារមហិច្ឆតាចង់គ្រប់គ្រងពិភពលោក តែម្នាក់ឯង របស់សហរដ្ឋអាមេរិក


(មូស្គូ)៖  យោងតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ បានបប្រាប់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថា ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ក៏ដូចជាវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត គឺជាលទ្ធផលជាក់ស្តែងដែលកើតចេញពីការព្យាយាមរបស់បស្ចិមប្រទេស ដើម្បីធ្វើឲ្យពិភពលោកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ក្នុងនោះ ដូចជាការពង្រីកខ្លួនទៅទិសខាងកើតឥតឈប់ឈររបស់អង្គការណាតូ (NATO)។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ (Xinhua) ដែលត្រូវបានចេញផ្សាយដោយនៅថ្ងៃសៅរ៍នេះ លោក Lavrov បានលើកឡើង យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងអង្គការណាតូ តែងតែប្រើអ៊ុយក្រែនជាឧបករណ៍មួយក្នុងការគ្រប់គ្រងរុស្ស៊ី»។ លោកបានបន្ថែមថា « ហេតុផលដែល ជំរុញឱ្យទីក្រុងមូស្គូចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន គឺឆ្លើយតបនឹងគោលនយោបាយរបស់លោកខាងលិចរយៈពេលជាច្រើនឆ្នាំមកនេះ ដែលរួមបញ្ចូលទាំងការញុះញុងប្រជាជនអ៊ុយក្រែន ឲ្យប្រឆាំងរុស្ស៊ី ដូច្នេះយើងគ្មានជម្រើសអ្វី ក្រៅពីការជ្រើសរើសប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិច»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និង NATO បានច្រានចោលសំណើរបស់រុស្ស៊ី ចង់បានការធានាសន្តិសុខ កាលពីខែធ្នូ ឆ្នាំ២០២១ ហើយជុំវិញបញ្ហានេះ ប្រមុខការទូតរុស្ស៉ីបានអះអាងថា ទីក្រុងមូស្គូមិនមានជម្រើសអ្វីក្រៅពីបើកប្រតិបត្តិការយោធារបស់ខ្លួន ដើម្បីការពារប្រជាជននៃតំបន់ដុនបាស់ដែលរុស្ស៊ី បានទទួលស្គាល់។ ដូច្នេះលោក Lavrov ថាប្រទេសលោកខាងលិចជាអ្នកចាប់ផ្តើមមុន ដោយការគាំទ្ររដ្ឋប្រហារប្រឆាំងរដ្ឋធម្មនុញ្ញអ៊ុយក្រែន នៅឆ្នាំ២០១៤ ដែលបានបង្កឱ្យមានជម្លោះផ្ទៃក្នុងអ៊ុយក្រែន, ការប្រឆាំងរុស្ស៊ី និងជំរុញអ្នកជាតិនិយម ឆ្ពោះទៅរកដំណោះស្រាយដោយប្រើយោធា ក្នុងតំបន់ដុនបាស់៕