(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ គឺអោយដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា ការដកទណ្ឌកម្មដែលបានដាក់លើប្រទេសរុស្ស៉ី គឺជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងអ៊ុយក្រែន។
ទីក្រុងកៀវបានព្រមានកាលពីថ្ងៃសុក្រសប្ដាហ៍នេះថាកិច្ចចរចាស្តីពីការបញ្ចប់ការឈ្លានពានរបស់ប្រទេសរុស្ស៊ី ដែលឥឡូវនេះបានឈានដល់ខែទី៣ គឺកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាស់។ លោក Lavrov បានគូសបញ្ជាក់នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ ដែលបាន ចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៉ីថា «នាពេលបច្ចុប្បន្ននេះ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនពិតជាកំពុងពិភាក្សាគ្នាជារៀងរាល់ថ្ងៃ តាមរយៈសន្និសីទវីដេអូស្តីពីសេចក្តីព្រាងសន្ធិសញ្ញាដែលអាចធ្វើទៅបាន»។
លោក Lavrov បានបន្ថែមថា «របៀបវារៈនៃកិច្ចពិភាក្សានេះ ក៏រួមបញ្ចូលផងដែរនូវបញ្ហានៃបដិណាហ្ស៊ីនីយកម្ម (ការលុបបំបាត់មនោគមន៍វិជ្ជាណាហ្ស៉ី) ការទទួលស្គាល់ការពិតនៃភូមិសាស្ត្រនយោបាយថ្មី, ការដកទណ្ឌកម្មចេញ និងស្ថានភាពនៃភាសារុស្ស៉ី»។
សូមបញ្ជាក់ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយបានបង្កកប្រហែលពាក់កណ្តាលនៃមាសរដ្ឋ និងទុនបំរុងរូបិយប័ណ្ណបរទេសរបស់រុស្ស៉ី ដែលបានធ្វើឱ្យរាំងស្ទះដល់សេដ្ឋកិច្ចរុស្ស៉ី៕