រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ជនពិការខ្លះក៏មានសមត្ថភាពខ្ពស់


 (ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះជនពិការមួយ ចំនួន ដែលមានសមត្ថភាពខ្ពស់ ដែលសូម្បីតែមនុស្សមានកាយសម្បទាពេញលេញ ក៏ពុំមាន សមត្ថភាពស្មើពួកគាត់ផងដែរ។

ថ្លែងនៅក្នុងកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ លោករដ្ឋមន្រ្តីបានលើកឡើងដូច្នេះ ថា៖ «ជនពិការខ្លះក៏មានសមត្ថភាពខ្ពស់ ដែលសូម្បីតែយើង ដែលមានកាយសម្បទាពេញលេញ ក៏ពុំមានសមត្ថភាពស្មើដែរ»

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជនពិការ និងជនមានពិការភាព មិនមែនជាបន្ទុក របស់សង្គមជាតិនោះទេ ពីព្រោះពួកគាត់ក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺជួយគាំទ្រ និងការពារពួកគាត់ដើម្បីឱ្យពួកគាត់ទទួលបាននូវសិទ្ធិ សេរីភាពស្របច្បាប់។

ឆ្លៀតក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល អនុញ្ញាតឱ្យក្រសួងព័ត៌មានរៀបចំកម្មវីធីប្រឡងសំនៀងជនពិការនេះឡើង និងអរគុណក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំ ជាពិសេសអរគុណ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាតឱ្យអង្គពិធីនេះ បានរៀបចំប្រព្រឹត្តទៅនៅសាល សន្និសីទចតុមុខ៕