(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋានចុះជួបសំណេះសំណាល និងប្រកាសផ្សព្វផ្សាយសមាសភាពក្រុមការងារពិសេសចំនួន ០៧រូប ដើម្បីចុះពង្រឹងការងារនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ។
លើកឡើងនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាជនអ្នកភូមិគោកត្របែក ដែលជាភូមិដាច់ស្រយាលពីគេមួយ នៅតំបន់ជុំវិញបឹងទន្លេ សាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ លោក ឯកឧត្តម ខុន បានលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ត្រីជំនាញរួមគ្នាជំរុញ ប្រជាពលរដ្ឋឱ្យខិតប្រកបរបរដាំដុះលើដីដែលខ្លួនមាន និងដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងរួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការប្រព្រឹត្តបទល្មើសកាប់ឆ្ការព្រៃលិចទឹក បទល្មើសនេសាទ ដូចជាការឆក់ត្រីជាដើម ដើម្បីបន្តនិរន្តរភាព បឹងទន្លេសាប និងអនាគតកូនចៅជំនាន់ក្រោយៗ ទៀត។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញណែនាំដល់អាជ្ញាធររដ្ឋបាលស្រុកតាំងគោក និង ក្រុមការងារដែលទើបបានតែងតាំងថ្មី ត្រូវរួមគ្នាខិតខំធ្វើការបំរើប្រជាពលរដ្ឋ និងបំពេញឱ្យបានតាម សំណូមពររបស់ប្រជាពលរដ្ឋស្នើសុំផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមឱ្យរួមគ្នាជំរុញដល់ប្រជាពលរដ្ឋ ត្រៀមឯកសារបញ្ជាក់អត្ត សញ្ញាណ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមក្នុងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនាពេលខាងមុខទៀត ហើយប្រសិនបើមិនទាន់មានឯកសារគ្រប់គ្រាន់ ក្នុងករណីបាត់ ឫខុសឈ្មោះ ត្រូវស្នើសុំការធ្វើប័ណ្ណ ឯ.អ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតទាំងអស់គ្នា។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំបន្ថែម ខិតខំជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសចាក់ឱ្យបានគ្រប់ដូស តាមការណែនាំរបស់សម្តេចតេជោ និង ក្រសួងសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ រួមគ្នាប់ស្កាត់ឱ្យការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានឧបត្ភម្ភដល់ប្រធានក្រុមបក្សក្នុងភូមិគោក ត្របែក គ្រូបង្រៀន ក្រុមគ្រូពេទ្យ នូវម៉ាស់ចំនួន ១ ០០០ម៉ាស់ ថ្នាំ TIFY ២០០បន្ទះ និងថវិកា ២លានរៀល៕