លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង និងជប៉ុន នៅខែក្រោយ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ អោយដឹងថា សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាន ឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេស កូរ៉េខាងត្បូង និងជប៉ុននៅខែឧសភាក្រោយនេះ។

បើតាមសេតវិមាន លោក បៃដិន ផ្ដើមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែឧសភាខាងមុខនេះដើម្បី បើកកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនរបស់ លោក។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «នៅឯទីក្រុងតូក្យូ លោក ប្រធានាធិបតី បៃដិន នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានអូស្រ្តាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក»

ដោយឡែក បើតាមក្រុមមន្ត្រីអាមេរិក លោក បៃដិនក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីផងដែរ ជាមួយ ប្រធានាធីបតីកូរ៉េខាងត្បូងជាប់ឆ្នោត លោក យូន ស៊ុក យ៉ុល (Yoon Suk Yeol) ដែលនឹងត្រូវស្បថ ចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា៕