(កំពង់ធំ)៖ លោកវរសេនីយ៍ឯក សោម សាវ៉ាត អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់់ធំ បញ្ជាក់ប្រាប់បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ យ៉ាងហោចណាស់មានសត្វគោ ចំនួន៨ក្បាល បានងាប់ និង១ក្បាលបានរបួសដោយសាររន្ទះបាញ់។
លោកវរសេនីយ៍ឯក បានបន្តថា ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១៦៖១៧នាទី នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំ និងផ្គររន្ទះហើយហ្វូងគោទាំងនោះបាន ជ្រកក្រោមដើមឈើចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្ទះប្រជាពរដ្ឋ។
តាមការស្រាវជ្រាវរបស់លោកអធិការស្រុកបញ្ជាក់ថា ម្ចាស់គោមានឈ្មោះរួមមាន៖
*ទី១៖ ឈ្មោះ ឌិន សាមឿន ភេទស្រី ងាប់គោចំនួន២ក្បាល និងរបួសសត្វគោ១ក្បាល។
*ទី២៖ ឈ្មោះ តុង ចេន ភេទប្រុស ងាប់គោ ១ក្បាល។
*ទី៣៖ ឈ្មោះ លាត ពន្លឺ ភេទប្រុស ងាប់គោចំនួន២ក្បាល។
*ទី៤៖ ឈ្មោះ ប៊ុត ថាន ភេទប្រុស ងាប់គោ ១ក្បាល។
*ទី៥៖ ឈ្មោះ សៀង ជាន ភេទប្រុស ងាប់គោចំនួន ២ក្បាល។
លោកអធិការស្រុកប្រសាទបល្ល័ង្ក សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ដែលយក ទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតធម្មជាតិកើតឡើង ដែលបង្កឱ្យ មានរន្ទះធ្វើប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម៕