(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ច ពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩»។
កិច្ចពិភាក្សានេះនឹងមានវិគ្មិនចូលរួមដូចជា៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា, តំណាងក្រសួងទេសចរណ៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង តំណាងសមាគមទេសចរណ៍កម្ពុជាផងដែរ។
មេរោគកូវីដ១៩ បានបន្តរាតត្បាតបណ្ដាប្រទេសនានាលើពិភពលោក តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ វិបត្តិនេះ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង លើចង្វាក់នៃការផ្គត់ផ្គង់ សកម្មភាពនៃផលិតកម្មសកល វិស័យទេសចរណ៍ ដឹកជញ្ជូន និងស្ទើរគ្រប់វិស័យត្រូវបានជាប់គាំដោយសារតែវិបត្តិនេះ។
សម្រាប់កម្ពុជាវិញ បើតាមអ្នកជំនាញ បានប្រមើមើលឃើញថា ក្នុងនៅវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ ខ្លាំង ធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចរបស់ប្រទេស អាចត្រូវ ការពេលវេលាប្រមាណជា ២ ទៅ៣ឆ្នាំទៀត ទើបអាចវិលត្រឡប់មកស្ថានភាពដូចដើម បន្ទាប់ពី មនុស្សរាប់ពាន់នាក់បានបាត់បង់ការងារ និងចំណូលក៏បាត់បង់ ដោយសារតែរងផលប៉ះពាល់ ដោយការរាលដាលនៃជំងឺកូវីដ១៩។
ទោះបីជាយ៉ាងនេះក្តី ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត កន្លងទៅនេះ មានភ្ញៀវជាង៥លាន១៧ ម៉ឺននាក់ បានដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។
ការដើរកម្សាន្តនេះ ជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនដ៏ខ្ពស់ចាប់តាំងពីរាជរដ្ឋា ភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ នាកំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងមក។
ការជឿជាក់លើភាពស៊ាំសហគមន៍ តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្ត បន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត ពាសពេញ ផ្ទៃប្រទេស។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងពួកគាត់ពិតជាមានក្តីរីករាយ ដែល បានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ព្រោះខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើ ប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ៕