ប្រទេសឆែកនឹងជួយជួសជុលរថក្រោះ និងបរិក្ខារយោធាដទៃទៀតរបស់អ៊ុយក្រែន ដែលរងការខូច ខាតក្នុងសង្រ្គាម


 (ប្រាក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងការពារជាតិឆែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ក្រុមហ៊ុនវិស័យការ ពារជាតិរបស់ឆែក នឹងជួយធ្វើការជួសជុលរថក្រោះ និងបរិក្ខារយោធាផ្សេងទៀត របស់អ៊ុយក្រែន ដែលបានទទួលរងការខូចខាតធ្ងន់ធ្ងរក្នុងការប្រយុទ្ធគ្នា ឬមួយក៏ត្រូវការការជួស ជុលឡើងវិញ ក្រោយទុកចោលយូរពេក។

រដ្ឋាភិបាលទីក្រុងប្រាកបានសេចក្តីថ្លែងការណ៍ដូច្នេះថា «ឆែកនឹងប្រើប្រាស់សមត្ថភាព ក្រុមហ៊ុន ឧស្សាហកម្មការពារជាតិរបស់ខ្លួន ដើម្បីជួយដល់ការងារជួសជុលដែលមានលក្ខណៈស្មុគស្មាញ ក៏ដូចជាការធ្វើកំណែទម្រង់ និងស្តារបរិក្ខារយោធាទាំងឡាយណារបស់អ៊ុយក្រែន ដែលត្រូវបានទុក ចោលយូរពេក ឱ្យអាចប្រើប្រាស់បានឡើងវិញ»

ដោយឡែក បើតាមក្រសួងការពារជាតិឆែក សម្រាប់ការខូចខាតបន្តិចបន្តួច គឺនឹងត្រូវជួសជុលដោយ កិច្ចប្រឹងប្រែងរបស់កងទ័ព ក៏ដូចជាឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែនផ្ទាល់។ ក្នុងកិច្ចសន្យាដំបូង ក្រុមហ៊ុនឆែកនឹងជួសជុល រថក្រោះសម័យសូវៀតធុន T-64 របស់អ៊ុយក្រែន ប៉ុន្តែមិនមានការបង្ហើបឱ្យដឹងពីចំនួនជាក់លាក់ឡើយ៕