(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (CDC) បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្តខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម កាន់តែមានភាពបុរេសកម្ម នៅក្នុងគន្លង ប្រក្រតីភាពថ្មី ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការប្រកាស ឲ្យប្រើច្បាប់ថ្មីស្ដីពីវិនិយោគ។
ការគូសបញ្ជាក់បែបនេះ របស់លោក ជា វុទ្ធី ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្វែងរកព័ត៌មាន ទីផ្សារ (Market intelligence) ដែលរៀបចំដោយកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្ដាលី (CAVAC)។ ពិធីនេះ មានការចូលរួមពីមន្រ្តីបង្គោលតុវិនិយោគវិស័យកសិ-ចំណីអាហារ (AFID), ស្ថាប័នស្រាវជ្រាវ, និងបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនទៀត មានចំនួនប្រមាណ៣០រូប ក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់មន្រ្ដីបង្គោលតុវិនិយោគកសិ-ចំណី អាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញផ្សព្វផ្សាយ និងទាក់ទាញវិនិយោគក្នុងវិស័យ នេះ។
លោក Bastiaan Bijl ជាអ្នកជំនាញការអន្តរជាតិ និងជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្ដាលនេះ បាន លើកឡើងពីប្រធានបទ ដែលសិក្សាទៅលើការវិភាគ ទិន្នន័យរំហូរពាណិជ្ជកម្ម, ការស្រាវជ្រាវទិន្ន ន័យជាក់ស្តែង, ការដាក់ចេញនូវផែនការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស, ការស្វែងយល់ស្តីពី និន្នាការទីផ្សារ ផ្នែកតម្លៃ, ការប្រកួតប្រជែង, បទប្បញ្ញត្តិទីផ្សារ, និងស្តង់ដារលើវិធីសាស្រ្តប្រមូលព័ត៌ មាន និងទិន្នន័យសម្រាប់ធ្វើការវិភាគ ហើយមានការចង្អុលបង្ហាញ នូវប្រភពទាញយកព័ត៌មាន និង ទិន្នន័យពីគេហទំព័ររបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និងពីបណ្ដាគេហទំព័រនានា ដើម្បី ធានាសុក្រឹតភាព និងព័ត៌មានត្រឹមត្រូវ សម្រាប់ការប្រមូល និងចងក្រងទិន្នន័យជាលក្ខណៈបរិមាណ វិស័យ (Quantitative) និងគុណវិស័យ (Qualitative)។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីខ្សែច្រវាក់តម្លៃ កសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលបានជួយគាំទ្រដល់ដំណើរការ រៀបចំវគ្គបណ្តុះបណ្តាល ទាំងពីរវគ្គនេះប្រព្រឹត្តិទៅដោយរលូន។
លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការជំរុញផ្នែកឯកជនក្នុងស្រុក ឲ្យចូលរួមអភិវឌ្ឍវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីធានាការផ្គត់ផ្គង់ តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ព្រមទាំង វិនិយោគលើវិស័យទាំងនេះ សម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កត្តាទាំងនេះ នាំឲ្យ រាជរដ្ឋាភិបាលកម្ពុជាមានទំនុកចិត្តខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគ ក្នុងវិស័យទាំងនេះ កាន់តែមានភាពបុរេសកម្ម នៅក្នុងគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការប្រកាស ឲ្យប្រើច្បាប់ថ្មីស្ដីពីវិនិយោគ។
លោក ក៏បានរំលឹកប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសកិច្ចប្រារព្ធពិធីខេត្តមួយ ផលិតផលមួយ ដែលបានជំរុញ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចេះស្រលាញ់ ការពារ និងលើកកម្ពស់ ការប្រើប្រាស់ផលិតផលក្នុងស្រុក។
បន្ថែមលើនេះ លោកក៏បានរំលេចពីភាពចាំបាច់ ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលកម្ពុជា បានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការរួមគ្នាដោះស្រាយមធ្យោបាយ ផលិតកម្មកសិកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងការស្វែងរកទីផ្សារ ដែលការណ៍នេះ សុទ្ធសឹងជាកិច្ចប្រឹងប្រែង ក៏ដូចជាការយកចិត្តទុកដាក់របស់រដ្ឋ ក្នុងការជួយគ្រប់គ្រងទីផ្សារ ដើម្បី លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យមានកម្រិតសមរម្យ។
លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនេះ
នឹងជួយបង្កើនសមត្ថភាពមន្រ្ដីបង្គោល តុវិនិយោគកសិ-ចំណីអាហារ
ឲ្យក្លាយទៅជាប្រភពដែលវិនិយោគិនមានទំនុកចិត្តខ្ពស់ ព្រមទាំងដុស ខាត់នូវជំនាញវិភាគទីផ្សារ
ដើម្បីរួមចំណែកក្នុងកិច្ចជំរុញ និងសម្រួលវិនិយោគក្នុងវិស័យនេះ ជាពិ សេសផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាចូលក្នុងទីផ្សារអន្តរជាតិ។
លោកស្រី ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ បានថ្លែង អំណរគុណដល់ក្រុមការងារ CAVAC ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ
សម្រាប់មន្រ្ដីបង្គោល ពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមក្រេបជញ្ជក់ចំណេះ
និងជំនាញក្នុងការវិភាគ និងស្រាវជ្រាវព័ត៌ មានទីផ្សារ
ដែលជាធាតុផ្សំសំខាន់សម្រាប់អនុវត្តការងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ដើម្បីរៀបចំ ផែនការផ្សព្វផ្សាយ
ផលិតផលកសិកម្មលើឆាកអន្តរជាតិ។
លោកស្រីមានសុទិដ្ឋិនិយមថា ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះ មន្រ្ដីបង្គោលដែលបានចូលរួម នឹងអាចប្រើប្រាស់នូវជំនាញស្រាវជ្រាវទាំងនេះ ប្រកបដោយភាពពេញលេញ និងប្រសិទ្ធផលដើម្បី ជាមូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាពផលិតក្នុងវិស័យកសិកម្ម ក៏ដូចជាបង្កើននូវគុណភាព ស្ដង់ដារ របស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសស្ដង់ដារភូត្តគាមអនាម័យ៕