(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឡាវ ជំរុញការធ្វើពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ខណៈខេត្តរបស់កម្ពុជាចំនួន៣ ត្រូវបានលើកលែងកាតព្វកិ ច្ចពាក់ម៉ាស បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ បានធូរស្រាល។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យ លោក បួកែវ ភុំវង់ សាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយ ជំនួបថា លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក។ លោក ភូមិវង់សាយ ក៏បានគោរពនាំ នូវការសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតីឡាវ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិ បាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ តាមរយៈការឧបត្ថម្ភជាសម្ភារៈវ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង និងថវិកា។
លោក ភូមិវង់សាយ ក៏បានគោរពប្ដេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាពក្នុងបេសកកម្មការទូត ដើម្បីពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិត ទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។
សម្តេចតេជោ បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ជូនចំពោះលោក ភូមិវង់សាយ ដែលត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ក៏បានឯកភាពជាមួយការលើកឡើងរបស់លោក ភូមិវង់សាយ ទាក់ទងនិងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្ដេចតេជោ មកបញ្ជាក់យ៉ាងដូច្នេះ «យើងពិត ជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង»។
សម្តេចតេជោ បានជម្រាបជូនលោកអគ្គរដ្ឋទូត អំពីការលើកលែងអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ នៅ ក្នុងខេត្តចំនួន៣ ជាប់ព្រំប្រទល់ឡាវ បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ មានសភាពធូរស្រាល។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើលោក ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំ ដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតកូវីដ១៩ នេះ។
សម្ដេចតេជោ បានយកឱកាសនេះ ជូនពរឆ្នាំថ្មីដល់លោក ភូមិវង់សាយ និងជូនពរលោក បំពេញ បេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យ៕