ប្រធានាធិបតីឥណ្ឌូណេស៊ី ច្រានចោលការចោទប្រកាន់ជុំវិញ ការពន្យារពេលបោះឆ្នោត ដើម្បី បន្តកាន់អំណាច

 (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃអាទិត្យចុង សប្ដាហ៍កន្លងទៅ បានបដិសេធថារដ្ឋបាល របស់លោកមិនមានបំណងពន្យារពេលការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២៤ នោះទេ បន្ទាប់ពីក្រុមអ្នកនយោបាយជាន់ខ្ពស់ រួមទាំងសម្ព័ន្ធមិត្ត ជិតស្និទ្ធ របស់លោកបានគាំទ្រលើគំនិត នៃការបន្តតំណែងរបស់លោកលើសពីអាណត្តិស្របច្បាប់ចំនួន ២អាណត្តិ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់លោក វីដូដូ បានកើតឡើងមួយថ្ងៃមុនពេលក្រុមនិស្សិត គ្រោងធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានីហ្សាការតា (Jakarta) និងទីក្រុងមួយចំនួនទៀត ដើម្បីប្រឆាំងនឹងផែន ការដែលគេចោទប្រកាន់ថា អាចគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ ការតវ៉ា របស់ក្រុមនិស្សិត នៅប្រទេសឥណ្ឌូណេស៊ី ជាញឹកញាប់អាចបង្កជាហិង្សា។

ក្នុងកំលុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការបោះឆ្នោតប្រធានា ធិបតីឆ្នាំ២០២៤ លោក វីដូដូ បានបញ្ជាឱ្យ រដ្ឋមន្ត្រីរបស់លោកពន្យល់ជាសាធារណៈថា គ្រប់ ដំណាក់កាល និងកាលវិភាគសម្រាប់ការបោះឆ្នោតត្រូវបានកំណត់រួចរាល់ហើយ។

លោក វីដូដូ បាននិយាយនៅក្នុងសេចក្តីអធិប្បាយដែលចេញផ្សាយដោយការិយាល័យ របស់គាត់ ថា «នេះចាំបាច់ត្រូវពន្យល់ដើម្បីកុំឱ្យមាន ពាក្យចចាមអារ៉ាម ដែលផ្សព្វផ្សាយក្នុងចំណោមប្រជាជនថា រដ្ឋាភិបាលកំពុងព្យាយាមពន្យារពេលការបោះឆ្នោត ឬការប៉ាន់ស្មានអំពីការបន្ត អាណត្តិប្រធានាធិបតី ឬអាណត្តិទីបីដែលពាក់ព័ន្ធ ព្រោះច្បាស់ណាស់ យើងបានយល់ព្រមថាការបោះឆ្នោតនឹងធ្វើឡើងនៅ ថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ»

ឥស្សរជនដ៏មានឥទ្ធិពល រួមទាំងរដ្ឋមន្ត្រីនៃជួរគណៈរដ្ឋមន្ត្រី លោក លូហូត ប៊ីនសា ប៉ាន់ចៃតាន់ (Luhut Binsar Pandjaitan) និងលោក អ៊ែរលែនហ្កា ហាតាតូ (Airlangga Hartarto) ដែលជា ប្រធានគណបក្ស ហ្កូលកា (Golkar) ក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបានផ្តល់យោបល់ ថាការ បោះឆ្នោតគួរតែត្រូវបានពន្យារពេល។ លោក Pandjaitan ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វីដូដូ នាពេលថ្មីៗនេះ បានអះអាងថា ទិន្នន័យបានបង្ហាញថា ប្រជាជនឥណ្ឌូណេស៊ីប្រហែល ១១០ លាននាក់គាំទ្រការពន្យារពេលនៃការបោះឆ្នោត។

គួរបញ្ជាក់ថា របាយការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយកាសែត Kompas ដែលជាអ្នកស្ទង់ មតិដ៏ល្បីរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា លោក វីដូដូ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅ ក្នុងប្រទេសប្រជុំកោះដែលមានប្រជាជនជាង ២៧០លាននាក់ ជាមួយនឹងការបោះឆ្នោតផ្ដល់ទំនុក ចិត្តសាធារណៈជាង ៧០%។ ទោះបីជាយ៉ាងណាក៏ដោយ ការស្ទង់មតិរបស់វិទ្យាស្ថាន Saiful Mujani បានបង្ហាញថា ជាង៧០% បានច្រានចោលផែនការណាមួយ ក្នុងការបន្តតំណែងរបស់ គាត់៕